កម្លាំងសមត្ថកិច្ច ស្រុកស្ទឹងត្រង់ឃាត់ខ្លួនអ្នកលេង១១នាក់ក្នុងប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់និងអាប៉ោង

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលនីតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបើកលេងល្បែងស៊ីសងខុសច្បាប់ (លេងជល់មាន់ និងលេងអាប៉ោង) នៅចំណុចចម្ការស្វាយចន្ទីរ ក្រោយភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ជាលទ្ធផលនៃប្រតិបត្តិការនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កម្លាំងបានបង្ក្រាបចាប់ឃាត់ខ្លួនអ្នកលេងល្បែងចំនួន១១នាក់ និងដកហូតវត្ថុតាងមួយចំនួនទៀត ។

ដោយឡែលឈ្មោះ នីន គឹមសឿន មានជំងឺប្រចាំកាយ (ជំងឺលើសឈាម) និងមានអាការៈឡើងឈាម ក្រោយពេលឃាត់ខ្លួន ហេតុនេះ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានសម្រេចប្រគល់ឲ្យក្រុមគ្រួសារ យកទៅព្យាបាលនៅមន្ទីរពេទ្យ ។

បច្ចុប្បន្ន អ្នកលេងល្បែងទាំង១០នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ