មុខសញ្ញាជួញដូរគ្រឿងញៀនសកម្មម្នាក់ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនបាន

ក្រោមការបញ្ជាដឹកនាំរបស់ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧ និង ៣០នាទីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់បង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់បានជនសង្ស័យជួញដូរគ្រឿងញៀនសកម្ម ០១នាក់ ឈ្មោះ ឯល អ៉ីសើ ភេទប្រុស អាយុ៤៥ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនចំនួន ០៣កញ្ចប់ និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង។

ចំពោះមុខ ជនសង្ស័យ និងវត្ថុតាងដកហូត ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន និងរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕