ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផ្ញើសារ​រំ​លែក​ទុក្ខ ចំ​ពោះ​មរ​ណ​ភាព​លោក Jacques Rogge អតីតប្រធាន IOC

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំពិកកម្ពុជា (NOCC) បានផ្ញើ​សារ​ចូល​រួម​លែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំ​ផុត ចំ​ពោះ​មរ​ណភាព​លោក Jacques Rogge អតីត​ប្រ​ធាន​ទី៨ នៃ​គណៈ​កម្មា​ធិ​ការ​អូឡាំ​ពិក​អន្ដរ​ជាតិ (IOC) ឆ្នាំ២០០១-២០១៣ និង​ជា​ប្រ​ធាន​កិត្តិ​យស IOC មក​ទល់​បច្ចុប្បន្ន ដែល​លោក​បាន​ទទួល​មរ​ណ​ភាព​ក្នុង​វ័យ ៧៩ឆ្នាំ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។

ក្នុងលិខិតចូលរួមរំលែកទុក្ខខាងលើ ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុង​នាម​ថ្នាក់​ដឹក​នាំ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​សម្ដែង​នូវ​ការ​សោក​ស្ដាយ​ជា​ខ្លាំង ចំ​ពោះ​មរ​ណ​ភាព​លោក Jacques Rogge ដែល​ជា​ការ​បាត់​បង់​ថ្នាក់​ដឹក​នាំ​ចលនា​អូឡាំ​ពិក​ដ៏​អស្ចារ្យ​ម្នាក់ ដែល​បាន​តស៊ូ និង​លះ​បង់​ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់ ដើម្បី​ផ្លាស់​ប្ដូរ​ទំនើប​កម្ម​ថ្មី​របស់ IOC ក្នុងការជំរុញចលនាអូឡាំពិកទូទាំងពិភពលោក និង​ការ​ប្រ​កួត​កី​ឡា​អូ​ឡាំ​ពិក​កាន់តែប្រសើរឡើង។

ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងចល​នា​អូ​ឡាំ​ពិក​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន បាន​ប្រ​កាស​កាន់​ទុក្ខ​ជា​មួយ​គ្រួសារ​លោក Jacques Rogge និង​គណៈ​កម្មាធិ​ការ​អូឡាំ​ពិក​ទូ​ទាំង​ពិ​ភព​លោក ជាមួយនិងការបង្ហូតទង់ជាតិអូឡាំពិក នៅទី​ស្នាក់​ការ​គណៈ​កម្មា​ធិការជាតិអូឡាំពិកកម្ពុជា ត្រឹមពាក់កណ្ដាល​ដង​ទង់​ជាតិ​រយៈ​ពេល ៥ថ្ងៃ ដើម្បីចូលរួមកាន់ទុក្ខចំពោះការបាត់បង់ និង​ការ​ទទួល​មរណភាព​របស់លោក Jacques Rogge៕