សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំត្រួត​​ពិនិត្យ​វឌ្ឍន​ភាព​ការ​ងារ​សាង​សង់​ភូមិ​កីឡា

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បាន​បើក​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់ និង​តាម​ប្រ​ព័ន្ធ​បច្ចេក​វិទ្យា Zoom នៅព្រឹកថ្ងៃអង្គារនេះ ក្រោម​អធិប​តី​ដ៏​ខ្ពស់​ខ្ពស់​សម្តេច​ពិ​ជ័យ​សេនា ទៀ បាញ់ ឧប​នា​យក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ និង​ជា​ប្រធាន CAMSOC ដើម្បី​ត្រួត​ពិនិត្យ​វឌ្ឍន​ភាព​ការ​ងារ​សាង​សង់​ភូមិ​កី​ឡា​ឲ្យ​ទាន់​ពេល​វេលា ក្នុង​ការ​បម្រើ​ដល់​ការ​ស្នាក់​នៅ​-​ហូប​ចុក ក្នុង​ពេល​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ទទួល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មាន​ប្រ​សាសន៍​ថា ការ​ធ្វើ​បទ​បង្ហាញ​ពីអ្នកឧកញ៉ា សៀ ឬទ្ធី នៃក្រុមហ៊ុន WorldBridge Sport Willage ដែលទទួលបានសិទ្ធិសាងសង់ភូមិកីឡា ដែល​ក្រុម​ហ៊ុន​សាង​សង់​នេះ​ បាន​បំ​ពេញ​កាត​ព្វ​កិច្ច​ក្នុង​ការ​បង្ហាញ​វឌ្ឍន​ភាព​ការ​ងារ​សាង​សង់​ឲ្យ​ទាន់​ពេល​វេលា។ ជាមួយគ្នានោះ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏​បាន​អះ​អាង​ជា​ថ្មី​ថា ដំណើរ​ការ​សាង​សង់នេះ​ នឹងសម្រេចបានតាមផែនការ និង​មិនធ្វើឲ្យខូចកិត្តិយសជាតិនោះទេ ដោយដំណើរការសាងសង់ នឹង​ធ្វើឲ្យ​បាន​​ចប់រួចរាល់តាមផែនការ។

ឯកឧត្តមអគ្គលេខាធិការ​បន្ថែម​ថា «ការអះអាងរបស់ក្រុមហ៊ុន​សាង​សង់នេះ​ បាន​ធ្វើ​ឲ្យ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មាន​ទំនុក​ចិត្តខ្ពស់ក្នុង​​ការ​ត្រៀមខ្លួនគ្រប់ទម្រង់ទាំងអស់ ដើម្បី​ត្រៀម​ឆ្ពោះ​ទៅ​ទទួល​រៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ អ្វី​ដែល​សំ​ខាន់ គឺអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​សម្តេច​ពិ​ជ័យ​សេនា​ បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​សាង​សង់​បន្តសកម្មភាពសាងសង់ ឲ្យសម្រេចបាន​ទាន់ពេលវេលា និង​បន្ថែម​នូវ​តម្រូវការចាំបាច់ផ្នែកបច្ចេកទេសមួយចំនួនទៀត ដែលឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានលើកឡើង»។

«ដូច្នេះ ភូមិកីឡានេះ គឺជាចំណុចយុទ្ធសាស្ត្រសំខាន់ ដើម្បី​ជំរុញ​ឲ្យ​ការ​ទទួល​រៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួល​បាន​ជោគជ័យ ដោយ​ភូមិកីឡានេះ​ នឹង​ទទួល​ការ​ស្នាក់នៅ​-ហូបចុក​របស់​ប្រតិភូ-អត្តពលិក ក្នុងកម្រិតស្តង់ដាអន្តរជាតិ ដើម្បី​បម្រើ​ដល់ផលប្រយោជន៍ជាតិ សេចក្តីថ្លៃថ្នូរជាតិ ក្នុងពេលទទួលព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះ។ ជារួម នៅក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារនេះ ថ្នាក់ដឹកនាំ CAMSOC ទទួលបានភាពកក់ក្តៅនៃដំណើរការវឌ្ឍនភាពការងារសាងសង់ភូមិកីឡានេះតាមផែនការ»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។

សូមបញ្ជាក់ថា តាមផែនការ ដំណើរការសាងសង់ភូមិកីឡា ដែលស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងត្រូវបញ្ចប់នាចុងឆ្នាំ២០២២ ដោយភូមិកីឡានេះ អាចបម្រើដល់ការស្នាក់នៅរបស់ប្រតិភូ អត្តពលិក មន្ត្រីបច្ចេកទេស ប្រមាណ ១ម៉ឺននាក់ ក្នុងពេលទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕