ប្រយ័ត្ន! ល្បិចផ្តល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់

នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមក នាយកដ្ឋានព័ត៌មានវិទ្យាធ្លាប់បានធ្វើការផ្សព្វផ្សាយនូវអត្តបទអប់រំ ស្តីអំពី “ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)” ដែលអត្ថបទនោះបានអធិប្បាយអំពីល្បិចកល ដែលជនខិលខូចបានអនុវត្តក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំងបរិយាយអំពីហានិភ័យពាក់ព័ន្ធមួយចំនួនផងដែរ។

ថ្មីៗនេះ ដោយទទួលបានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីមហាជន ក្រុមការងារយើងខ្ញុំ សូមលើកយកនូវល្បិចកល និងបច្ចេកទេសថ្មី ដែលជនខិលខូចបានប្រើប្រាស់ក្នុងការអូសទាញជនរងគ្រោះឲ្យយល់ព្រមខ្ចីប្រាក់អនឡាញ ជាសង្ខេបដូចខាងក្រោម៖

១- ជនខិលខូចបានបង្កើតទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ ដោយដាក់ឈ្មោះក្រុមហ៊ុនកម្ចីប្រាក់អនឡាញ

២- ជនខិលខូចធ្វើការផ្សព្វផ្សាយទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ (Ads) លើបណ្តាញទំនាក់ទំនងសង្គម ដើម្បីធ្វើការអូសទាញការចាប់អារម្មណ៍ពីជនរងគ្រោះ

៣- ជនរងគ្រោះអាចធ្វើការស្នើសុំកម្ចីពីជនខិលខូច ជាមួយលក្ខខណ្ឌងាយៗ ដោយគ្រាន់តែផ្តល់នូវរូបថតអត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ រូបភាព ឬវីដេអូអាក្រាតកាយរបស់ជនរងគ្រោះ

៤- ជនខិលខូចនឹងប្រើប្រាស់ព័ត៌មានអត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយ ដើម្បីគំរាមកំហែងជនរងគ្រោះករណីពុំសងប្រាក់ ឬបង់ការប្រាក់ដ៏ច្រើនលើសលប់

៥- ករណីមួយចំនួន ជនខិលខូចបានធ្វើការប្រើប្រាស់រូបភាព ឬវីដេអូអាក្រាតកាយជនរងគ្រោះគំរាមទារប្រាក់ ឬជួញដូរផងដែរ។

ជាថ្មីម្តងទៀតក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងប្រភេទបទល្មើសខាងលើ និងត្រូវប្រុងប្រយ័ត្នក្នុងការរក្សាការពារព័ត៌មានបុគ្គល តួរយ៉ាងដូចជាអត្តសញ្ញាណប័ណ្ណ ប័ណ្ណធនាគារ លេខទូរស័ព្ទ អាសយដ្ឋានស្នាក់នៅ រូបភាព ឬវីដេអូផ្ទាល់ខ្លួន ជៀសវាងការចែករំលែក ឬផ្ញើរឲ្យអ្នកណាម្នាក់ដោយមិនស្គាល់អត្តសញ្ញាណឬប្រភពច្បាស់លាស់៕

ប្រភពព័ត៌មាន