ឱសថបំប៉នសុខភាពគ្មានលេខបញ្ជីការក្រសួងសុខាភិបាល ប្រមាណជាងមួយតោន ត្រូវបានដុតកំទេចនៅព្រឹកមិញនេះ

អនុវត្តតាមចំណារឯកភាពរបស់ក្រសួងសុខាភិបាល និងទទួលបានការអនុញ្ញាតពីរដ្ឋបាលខេត្តផងនោះ កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប រួមជាមួយមន្ត្រីជំនាញ និងមន្រ្តីមកពីបណ្តាអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀត និងមន្រ្តីនៃកងកម្លាំងសមត្ថកិច្ចដែលជាដៃគូសហការ បានរៀបចំការដុតកំទេចចោលឱសថបំប៉នសុខភាពគ្មានលេខបញ្ជីការក្រសួងសុខាភិបាល ប្រមាណជាងមួយតោន ក្នុងបរិវេណនៃទីលានចោលសំរាមរបស់ក្រុមហ៊ុនឯកជនមួយ នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ឬអាចនិយាយបានថា ទីកន្លែងដុតឱសថបំប៉ននេះ ត្រូវបានធ្វើឡើងលើទីតាំងដែលនៅឆ្ងាយពីក្រុងសៀមរាប ។

លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មនៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ៖ ឱសថបំប៉នសុខភាពទាំងនេះ ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានរួមសហការអនុវត្តតាមបញ្ជារបស់ព្រះរាជអាជ្ញា ក្នុងការចាប់យកវត្ថុតាងទាំងនោះ ដែលឱសថទាំងនេះ បានផលិតនៅសហរដ្ឋអាមេរិក និងបានដឹកជញ្ជូនតាមជើងយន្តហោះ ហើយក្រោយការចាប់បានវត្ថុតាង អង្គភាពប៉ូលីសបានប្រគល់ឲ្យជំនាញសុខាភិបាល ផាកពិន័យអន្តរកាលតាមច្បាប់គ្រប់គ្រងឱសថ និងស្របតាមទម្ងន់សាលក្រមព្រហ្មទណ្ឌលេខ(៦០) របស់សាលាដំបូងខេត្តសៀមរាប ។

លោកស្រី លី វណ្ណៈ បានបញ្ជាក់ទៀតថា ការដុតកំទេចឱសថបំប៉នសុខភាពនាពេលនេះ មានការយឺតយ៉ាវក៏ពិតមែន ប៉ុន្តែយ៉ាងហោចណាស់ វាបានទប់ស្កាត់ទាន់ពេលវេលា នៃការធ្វើចរាចរណ៍ឱសថទាំងនេះលើទីផ្សារ ដែលវាមិនប្រាកដថា គុណភាពរបស់វាយ៉ាងដូចម្តេច ឬក៏ថា វាអាចបង្កគ្រោះថ្នាក់សុខភាពដល់អ្នកប្រើប្រាស់យ៉ាងណានោះទេ បើសិនជាឱសថទាំងនោះ វាបានធ្លាយទៅដល់ដៃអតិថិជនរបស់គេនោះ ដូច្នេះនិយាយរួម គឺយើងបានទប់ស្កាត់ចំពោះហានីភ័យសុខភាពនៃអ្នកប្រើប្រាស់ ។

នៅក្នុងដីកាបញ្ជូនរបស់សាលាដំបូងខេត្តសៀមរាប សំណុំរឿងព្រហ្មទណ្ឌលេខ៥៩០ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ជូនមកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានវិនិច្ឆ័យសេចក្តីថា គឺត្រូវបានរឹបអូសទំនិញចម្រុះ ( អាហារបំប៉ន ម្សៅក្រែម ស្កគ្រាប់ និងនំ ) មានចំនួន ៧០មុខ ស្មើ នឹង១.២០២.៣៦៦គ្រាប់ ដែលមានទម្ងន់ ១.៣០១ គីឡូក្រាម ដែលនាំចូលដោយគ្មានការអនុញ្ញាតពីសួងសុខាភិបាលកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ដែលវត្ថុចាប់យកទាំងនេះ ត្រូវបានរក្សាទុកនៅមន្ទីរសុខាភិបាលខេត្តសៀមរាប ហើយសាលក្រមជំនុំជម្រះនេះ ប្រកាសជាសាធារណៈកំបាំងមុខជនជាប់ចោទ នឹងត្រូវបានទុកសិទ្ធិប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ៕