សំណល់ថ្មពិលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ដោយសារសំណល់នេះមានផ្ទុកសារធាតុគ្រោះថ្នាក់ពពួកលោហះធ្ងន់

ក្រសួងបរិស្ថាន៖ នៅថ្ងៃទី៩ កញ្ញា ២០២១នេះក្រសួងបរិស្ថានបានលើកឡើងថា សារធាតុគ្រោះថ្នាក់ដែលមានផ្ទុកនៅក្នុងសំណល់អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន នៅពេលសាយភាយចូលទៅក្នុងបរិស្ថានតាមរយះការទុកដាក់សំណល់នេះមិនបានត្រឹមត្រូវ ។

ដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ពីសំណល់ថ្មពិលចូលទៅក្នុងបរិស្ថាន និង ដើម្បីការពារសុខភាពមនុស្ស សូមវេចខ្ចប់ និងយកសំណល់ថ្មពិលមកទុកក្នុងធុងដែលក្រសួងបរិស្ថាន បានដាក់ នៅតាមបុរី ស្ថានីយប្រេងឥន្ធះ ផ្សារទំនើប ។ កន្លងមកក្រសួងបរិស្ថានបានដាក់ធុងប្រមូលថ្មពិលនៅបុរីប៉េងហួតបឹងស្នោ ស្ថានីយ៍ប្រេងឥន្ធះភីធីធី (និរោធ បូកគោ វត្តនាគវន្ត័ និង ផ្សារតូច ) ផ្សារទំនើបអេអន១ នរត្តមជីមម៉ុងម៉ល់ និងផ្សារទំនើបជីមម៉ុងបាក់ទូក ។ នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ ក្រសួងបរិស្ថានបានដាក់ធុងប្រមូលថ្មពិលបន្ថែមនៅតាមទីតាំងផ្សារទំនើប ចំនួន ៨ ទៀត រួមមាន ផ្សារទំនើប សូរិយា ផ្លាហ្សា ឡាក់គី Exchange Square Eden Garden អូឡាំព្យា ស្ទឹងមានជ័យថ្មី និងធីខេ ហើយនឹងនៅស្ថានីយប្រេងឥន្ធនៈតូតាល់ និងតេលា ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ យកសំណល់ថ្មពិលមកទុកក្នុងធុងប្រមូលថ្មពិល។ នៅពេលខាងមុខ ក្រសួងបរិស្ថាននឹងបន្តពង្រីកវិសាលភាពនៃការដាក់ធុងថ្មពិលនេះតាមទីតាំងសំខាន់ៗបន្ថែមទៀតនៅតាមបណ្តារខេត្តទូទាំងប្រទេស។ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការចូលរួម និងជួយផ្សព្វផ្សាយអំពីគម្រោងប្រមូលសំណល់ថ្មពិលនេះ ដើម្បីបរិស្ថានយើង គ្មានសំណល់ថ្មពិល៕

រូបភាព៖ ក្រសួងបរិស្ថាន