បញ្ជូនជនសង្ស័យ២នាក់ ករណីលួចម៉ូតូទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី

បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សាយ សំអាត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លិចពណ៌សផលិតឆ្នាំ២០១៧ គ្មានផ្លាកលេខ ក្នុងខណៈពេលជនរងគ្រោះចតទុកមុខតូបលក់ដូរដោយភ្លេចដកកូនសោរ កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរួច លោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការស្រាវជ្រាវរហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣៩នាទី ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ១/.ឈ្មោះ ប លីណា ហៅ សី ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត ២/.ឈ្មោះ ពេជ្រ សីហា ហៅ ឆៃ ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យទាំង០២នាក់ក្រោយពីសម្ថកិច្ចឃាត់ខ្លួន ត្រូវបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ។ ក្រោយពីសាកសួរចម្លើយរួចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានប្រកបរបរដើររើសអេតចាយជារៀងរាល់យប់ ហើយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ពួកគេបានដើររើសអេតចាយរហូតដល់ម៉ោងជាង១២យប់ ស្រាប់តែឃើញម៉ូតូ០១គ្រឿងដូចមានភិនភាគក្នុងពាក្យបណ្ដឹងចតទុកចោលនៅមុខតូបលក់ដូរ ហើយមានទាំងកូនសោរនៅជាប់នឹងម៉ូតូ ទៀតផង ហើយពួកគេក៏នាំគ្នាលួចយកម៉ូតូនោះតែម្ដង ហើយជិះយកទៅដាក់បញ្ចាំឱ្យសន្តិសុខម្នាក់មិនស្គាល់ឈ្មោះ ធ្វើការនៅកាស៊ីណូនាគទិព្ធ បានលុយថៃចំនួន ១៥,០០០បាត(មួយម៉ឺនប្រាំពាន់បាត) ហើយនាំគ្នាយកលុយនោះដើរស៊ីចាយអស់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ ដូច្នេះជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់បន្ត ចំណែកអ្នកទទួលបញ្ចាំម៉ូតូសមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ៕