ជនសង្ស័យ ០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំចង្អុលបង្ហាញពីសំណាក់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានការសម្របសម្រួលពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន០១ករណី នៅចំណុចភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់(ប្រុស) ដែលមានសាវតាជាតិដូចខាងក្រោម៖ ទី១-ឈ្មោះ លី តុលា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ(ជួញដូរ)។ ទី២-ឈ្មោះ មី ម៉េន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ(ជួញដូរ)។ ទី៣-ឈ្មោះ កាន់ ថារី ហៅ គរ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃក្បាស ខេត្តតាកែវ(ជួញដូរ)។ វត្ថុតាងរួមមាន៖ -គ្រឿងញៀនប្រភេទបេតំហ្វេតាមីន(ICE) ចំនួន០៥កញ្ចប់ធំ ដែលមានទម្ងន់៤២១,៣៩ក្រាម(បួនរយម្ភៃមួយក្បៀសសាមសិបប្រាំបួនក្រាម) ថ្លឹងថ្នាំសុទ្ធ(របស់ឈ្មោះ លី តុលា ) ទូរស័ព្ទចំនួន០២គ្រឿង និងម៉ូតូចំនួន០៣គ្រឿង: ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1P-7933(០១គ្រឿង)ម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1O-7836(០១គ្រឿង) និងម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BF-6064(០១គ្រឿង)។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាងបានបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕