កម្ពុជា បន្តចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១

(ណាននីង)៖ ពិព័រណ៍ចិន-អាស៊ានលើកទី១៨ បានបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វ៉ាង ឈីសាន អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការអញ្ជើញចូលរួមពីប្រមុខដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន ព្រមទាំងប្រទេសប៉ាគីស្ថានដែលជាប្រទេសកិត្តិយសផងដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបើក តាមរយៈការថតវីដេអូទុកជាមុនពីចម្ងាយ និងបានចាក់ផ្សាយក្នុងពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន ជាផ្លូវការនេះ។ ថ្លែងក្នុងពិធីសម្ពោធ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ពិព័រណ៍ចិន-អាស៊ានលើកទី១៨ គឺជាសក្ខីកម្មនៃភាពជោគជ័យ នៃទំនាក់ទំនងដៃគូសន្ទនារវាងចិន-អាស៊ាន ដែលបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងវិបុលភាពសម្រាប់ប្រជាជនចិន និងអាស៊ាន។

ពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ធ្វើឡើងស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនារវាងចិន និងអាស៊ាន។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរ ចំពោះជោគជ័យក្នុងរយៈពេល ៣០ ឆ្នាំ កន្លងទៅ ដែលជោគជ័យនោះបានក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់អាស៊ាន និងចិន ក្នុងការដាក់ចេញនូវមាគ៌ាដ៏ត្រចះត្រចង់ បង្កើតនូវកាលានុវត្តភាពថ្មីៗ ឈានទៅសម្រេចបាននូវអនាគតរួមគ្នា ប្រកបដោយវិបុលភាព និងបរិយាប័ន្ន។ ជាទិសដៅនាពេលអនាគត សម្តេចតេជោ យល់ថា ចិន និងអាស៊ានត្រូវពួតដៃគ្នាប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាពសកម្មភាពសង្គម និងសេដ្ឋកិច្ច និងការរស់រានមានជីវិតរបស់ប្រជាជន។ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាសកល ទាមទារនូវសាមគ្គីភាព ការជឿទុកចិត្តគ្នា ការគិតគូរ និងអនុវត្តរួមគ្នាប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យរបស់ប្រទេសនីមួយៗ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា ចិន និងអាស៊ាន ត្រូវបន្តកិច្ចសហការលើគ្រប់វិស័យ ជាពិសេស វិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿនការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ តាមរយៈការបើកឲ្យទូលាយជាងមុននូវទីផ្សារ និងលំហូរពាណិជ្ជកម្មសេរី លំហូរវិនិយោគ ដើម្បីអនុញ្ញាតឲ្យក្នុងតំបន់ មានលទ្ធភាពជំរុញការនាំចេញផលិតផល និងសេវា ដែលមានសក្តានុពល និងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត។

ពិព័រណ៍ចិន-អាស៊ានលើកទី១៨ រៀបចំឡើងដោយមានការចូលរួមដោយផ្ទាល់ផង និងចូលរួមតាមអនឡាញផង ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិទីក្រុងណាននីង នៃតំបន់ស្វ័យតក្វាងស៊ី ប្រទេសចិន។ កម្ពុជាបានបញ្ជូនក្រុមហ៊ុនចំនួន ១៨ ចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៨ នេះ ក្នុងនោះ ក្រុមហ៊ុនចូលរួមដោយផ្ទាល់មានចំនួន ៧ ក្រុមហ៊ុន និងក្រុមហ៊ុនចូលរួមតាមអនឡាញមានចំនួន ១១ ក្រុមហ៊ុន ដែលមានស្តង់សរុបចំនួន ៥៣ ស្តង់។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានសាងសង់ផ្ទះរួមមួយ មានទំហំ ៨១ ម៉ែត្រក្រឡា តាមរចនាបទខ្មែរ ដើម្បីដាក់តាំងផលិតផល និងរូបភាពស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ សម្រាប់ផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍នេះផងដែរ។ ផលិតផល ដែលបានដាក់តាំងក្នុងពិព័រណ៍នេះ រួមមាន ផលិតផលកសិកម្ម ដូចជា អង្ករ ម្រេច គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ អាហារក្រៀម ភេសជ្ជៈ ។ល។ ព្រមទាំង គម្រោងទាក់ទាញវិនិយោគមួយចំនួនទៀត៕