ជនសង្ស័យចំនួន០២នាក់​ ពាក់ព័ន្ធករណីលួចកាត់ខ្សែកាបអុបទិច ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួន

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៣:៣០នាទីទៀបភ្លឺ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចកាត់ខ្សែកាបអ៊ុបតិច នៅចំណុចមុខផ្ទះលេខ៤៣៤ ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។ ជនសង្ស័យឃាត់ខ្លួនរួមមាន៖

១- ឈ្មោះ ថា រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងវត្ដកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មុខរបរ រើសអេតចាយ (មានសារធាតុញៀន) ។

២-ឈ្មោះ អ៊ុង ហឿន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។

មុនពេលកកើតហេតុ ជនសង្ស័យរួមនិងបក្ខពួកមានគ្នាចំនួន០៥នាក់ ជិះម៉ូតូ០២គ្រឿង ម៉ូតូ០១គ្រឿងម៉ាក scopy ពណ៌ក្រហម មិនចាំផ្លាកលេខ និងម៉ូតូ០១គ្រឿងទៀតម៉ាក wave ពណ៌ខ្មៅ មិនចាំផ្លាលេខ សន្ដោងរឺម៉ក ម្ដុំដីក្រហម ខណ្ឌទួលគោក គោលបំណងជិះដើររកលួចកាត់ខ្សែភ្លើង ពេលពួកក្រុមជនសង្ស័យជិះម៉ូតូមកដល់នៅចំណុចមុខផ្ទះលេខ ៤៣៤ ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) បានធ្វើសកម្មភាពឡើងកាត់ខ្សែភ្លើង ខណៈសមត្ថកិច្ចកំពុងល្បាតប្រទះឃើញ ក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួន រហូតដល់ម្ដុំវត្ដកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់។ ចំណែកបក្ខពួកចំនួន០៣នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់។

វត្ថុតាងចាប់យក៖ ខ្សែកាបអ៊ុបតិច ប្រវែងប្រហែល២០ម៉ែត្រ ចំនួន០២កំណាត់ , កន្ទៃកាត់ដែក ចំនួន០១,កាំបិតចំនួន០១, ដង្កាប់ចំនួន ០១, ទុរវីសចំនូន០១ ។

បច្ចុប្បន្នជនសង្ស័យចំនួន០២នាក់ រួមនិងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕