ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួច​​ទ្រព្យ​សម្បត្តិ

ខេត្តបាត់ដំបងៈ ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ការណែនាំរបស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​ អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃអាទិត្យ​ ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ០៩:៣០​នាទីលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​ (​ យក​ទ្រព្យ​សម្បត្តិ​ )​ ០១​ករណី​ នៅ​ចំណុច​ភូមិ​កាប់គោថ្មី​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ សាយ​ សុភាព​ ហៅ​ ខ្មៅ​ ភេទប្រុស​ អាយុ​ ២៨​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ មក​កាន់​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​។

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានឲ្យដឹងថា កាលពី​ថ្ងៃទី​០៧​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ វេលាម៉ោង​០២:៣៧​នាទី​ នៅ​ចំណុច​ភូមិ​អង់​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលេី​ បាន​ធ្វេីសកម្មភាព​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ជនរងគ្រោះ​ ឈ្មោះ​ អៃ​ ត្រៃលក្ខណ៍​ ហៅ​ វីរៈ​ ភេទប្រុស​ អាយុ​៤១​ឆ្នាំ​ មានទីលំនៅ​ ចំណុច​ខាងលើ​ និង​បាន​លួច​យក​ប៉ុស្តិ៍​ផ្សារ​ដែក​១,​ ម៉ូទ័រ​ឆាប​ ១​ និង​ម៉ូទ័រ​ស្វាន​២​ រហូត​មក​ដល់​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ សមត្ថកិច្ច​ធ្វេីការធ្វើការស្រាវជ្រាវទេីប​កំណត់មុខសញ្ញានាំខ្លួន​ជនសង្ស័យ​មក​កាន់​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និង​ធ្វេីការ​សាកសួរ​ ។ វត្ថុតាង​ដកហូត​បានរួម​មានៈ

-​ម៉ូទ័រ​ឆាប​ ចំនួន០១​,​ម៉ូទ័រ​ស្វាន​ ចំនួន​០២​ និងប៉ុស្តិ៍​ផ្សារ​ដែក​ ចំនួន០១។

បច្ចុប្បន្ន​នគរបាលការិយាល័យ​ជំនាញ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ចំណែក​វត្ថុតាង​សមត្ថកិច្ច​យេីង​បាន​ប្រគល់​អោយ​ទៅ​ជនរងគ្រោះ​វិញ​ ៕