ប្រមុខការទូតកម្ពុជា-ចិន អញ្ជើញជួបពិភាក្សាទ្វេភាគី លើបញ្ហាមួយចំនួន នៅទីស្តីការក្រសួងការបរទេសកម្ពុជា

(ភ្នំពេញ)៖ ជំនួបទ្វេភាគីរវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន។

ក្រោយពីបញ្ចប់ជំនួបពិភាក្សាភាគីទាំងពីរ នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅទីស្តីការក្រសួងការបរទេស។

លោក វ៉ាង យី បានមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ជំនួបទ្វេភាគីរវាងប្រមុខការទូតទាំងពីរ នឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។

ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានអាហារការងារពេលព្រឹកជាមួយ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងផងដែរ។ សម្តេចតេជោ ហ៊ុន សែន និង លោក វ៉ាង យី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធី ប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងក្លាយជាទីតាំងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ហើយដែលក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC ក៏នឹងមានវត្តមានផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ក៏នឹងអញ្ជើញធ្វើជាសាក្សី និងអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ៕