អង្គភាពការពារកុមារ​បញ្ជាក់ថា​ ការស៊ើបអង្កេតបន្ថែមបានបង្ហាញថាសាកសពកុមារ​ទាំង២នាក់គឺបានស្លាប់ដោយការលង់ទឹកចៃដន្យ

ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានផ្តល់ជំនួយដល់កម្លាំងនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា បន្ទាប់ពីកុមារ ២នាក់បានបាត់ខ្លួន។

អង្គភាពការពារកុមារ​: នៅវេលាម៉ោង៧ល្ងាច ថ្ងៃទី១១ ខែកញ្ញា អង្គភាពការពារកុមារ (CPU) បានទៅពិនិត្យកន្លែងកន្លែងកើតហេតុស្ថិតនៅជាយក្រុង នៃរាជធានីភ្នំពេញ ដែលកុមារ២នាក់បានបាត់ខ្លួន។ ពេលដែលទៅដល់ ក្រុមការងារយើងបានទទួលពត៌មានថាសាកសពកុមារម្នាក់ត្រូវបានគេស្រង់ចេញពីបន្លាយទឹកដែលមានចម្ងាយប្រហែល ១០០ម ពីផ្ទះ និងសាកសពទី២ពុំទាន់រកឃើញនៅឡើយ។

ការពិនិត្យសាកសពបានបង្ហាញថាមូលហេតុស្លាប់របស់ក្មេងនេះគឺដោយសារការលង់ទឹក។ អង្គភាពការពារកុមារ (CPU) បានជួយស្វែងរកសាកសពទី២ ប៉ុន្តែមិនជោគជ័យ។ សាកសពទី២ត្រូវបានរកឃើញនៅវេលាម៉ោង៦ព្រឹកនៃថ្ងៃបន្ទាប់។ ការស៊ើបអង្កេតបន្ថែមបានបង្ហាញថាសាកសពទាំង២នាក់គឺបានស្លាប់ដោយការលង់ទឹកចៃដន្យ។

នេះគឺជាការរំលឹកទៅដល់អ្នកទាំងអស់គ្នាថាយើងកំពុងតែនៅក្នុងរដូវវស្សា ហើយចំនួនកសិដ្ឋានដែលមាននៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ នឹងមានរន្តៅទឹកជាច្រើនដែលពោពេញទៅដោយគ្រោះថ្នាក់៕