Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីការពារពីកម្មវិធីលួចជ្រៀតចូល Pegasus

ក្រុមហ៊ុន Apple បានខិតខំប្រឹងប្រែងធ្វើការកែសម្រួលកម្មវិធី iOS ពីការជ្រៀតចូលតាមរយៈ FORCEDENTRY របស់ក្រុមហ៊ុនអុីស្រាអែល NSO Group ដែលអាចលួចចូលទៅគ្រប់គ្រង iPhone, iPad និង Apple Watch។

កាលពីចុងខែសីហាក្រុមហ៊ុន The Citizen Lab បានធ្វើការជូនដំណឹងទៅក្រុមហ៊ុន Apple ពីភាពចន្លោះប្រហោងដែលអាចឱ្យជនខិលខូចប្រើកម្មវិធី Pegasus ចូលទៅបើក ម៉ៃក្រូហ្វូន កាមេរ៉ា តាមដានការតេទូរសព្ទ និងអាចចូលទៅមើល អុីមែលនិងសារបានផងដែរ។

កម្មវិធីដើម្បីលួចទាញយកទិន្នន័យនេះត្រូវបានរកឃើញបន្ទាប់ពីក្រុមហ៊ុន The Citizen Lab បានធ្វើការវិភាគនិងស្រាវជ្រាវទៅលើទូរសព្ទ iPhone របស់សកម្មជន ជនជាតិ អារ៉ាប៊ីសាអូឌីតម្នាក់ ហើយពួកគេគិតថាកម្មវិធី Pegasus ត្រូវបានប្រើតាំងពីខែកុម្ភៈឆ្នាំ ២០២១ មកម្ល៉េះ។ ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ទូរសព្ទ iPhone លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ឱ្យបានឆាប់រហ័សដើម្បីចៀសវាងពីការជ្រៀតចូលផ្សេងៗ៕

ប្រភពព័ត៌មាន