វិទ្យាល័យហ៊ុន សែន មិត្តភាព ក្នុងក្រុងព្រះសីហនុ ទទួលបានជ័យលាភីមេដាយមាសសាលាមេត្រីបរិស្ថានឆ្នាំ២០២១

វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានទទួលជ័យលាភីមេដាយមាសសាលាមេត្រីបរិស្ថានថ្នាក់ជាតិ ឆ្នាំ២០២១។ ក្នុងពីធីប្រគល់នឹងទទួលបានរៀបចំមេដាយនិងរង្វាន់សាលាមេត្រីបរិស្ថាន រៀបចំឡើងនៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ក្រសួងអប់រំយុវជននិងកីឡា រដ្ឋបាលខេត្តព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមួយចំនួន។ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានបញ្ជាក់ថាការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន ត្រូវបានរៀបចំឡើងរៀងរាល់ ២ ឆ្នាំម្តង ហើយនៅឆ្នាំ២០២១ នេះជាលើកទី៣ ហើយដែលក្រសួងបរិស្ថាននិងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតប្រជែងនេះឡើង ដោយបានជ្រើសរើសនូវសាលាបឋមសិក្សា និងមធ្យមសិក្សាពីតាមខេត្តនានាដែលចូលក្នុងលក្ខណៈវិនិច្ឆ័យនៃសាលាមេត្រីបរិស្ថាន។ លក្ខខណ្ឌវិនិច្ឆ័យទាំង ៤ ចំណុចនៃសាលាមេត្រីបរិស្ថានរួមមាន ទី១) មានគោលការណ៍និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន ទី២) មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថានក្នុងសាលា និងសហគមន៍ជុំវិញ (ជាកម្មវិធីសិក្សាបន្ថែម ឬបញ្ជ្រាប) ទី៣)មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនានានិងការប្រតិបត្តិបរិស្ថាន ទី៤) មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធនិងការផ្សព្វផ្សាយតាមសហគមន៍។

នៅឆ្នាំ២០២១ នេះ មានសាលាបឋមសិក្សាចំនួន ២៩ និងវិទ្យាល័យចំនួន ១៩ តំណាងទូទាំងប្រទេសដែលបានចូលរួមប្រកួត ក្នុងនោះសាលាបឋមសិក្សាចំនួន៣និងមធ្យមសិក្សាចំនួន៣ បានទទួលជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១។ ឯកឧត្តមបានបញ្ជាក់ថា សម្រាប់កម្រិតមធ្យមសិក្សា វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានជ័យលាភីកម្រិតមាសពីការប្រកួតប្រជែងក្នុងឆ្នាំ២០២១។ វិទ្យាល័យ ហ៊ុន សែន មិត្តភាព នឹងបន្តជាបេក្ខភាពចូលរួមប្រកួតប្រជែងសាលាមេត្រីភាពអាស៊ាននៅឆ្នាំខាងមុខបន្ថែមទៀត។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ទុកថា គឺជាមោទនភាពរបស់ថ្នាក់ដឹកនាំនិងប្រជាជនខេត្តព្រះសីហនុទាំងមូល ដែលបានចូលរួមខិតខំរៀបចំបរិស្ថានសាលារៀនឲ្យមានសោភ័ណភាព អនាម័យស្អាត និងការគ្រប់គ្រងបរិស្ថានបានល្អ។ ឯកឧត្តមបានបន្ថែមថា ជ័យលាភីនេះ ឆ្លុះបញ្ជាំងពីការទទួលបានការគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ដល់អាជ្ញាធរខេត្តលើការបញ្ជ្រាបចំណេះដឹង និងការផ្លាស់ប្តូរផ្នត់គំនិតចំពោះអនាម័យនិងបរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងថា ភាពស្អាតគឺជាកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់មនុស្សគ្រប់រូប ហើយប្រទេសជាតិកំពុងមានការអភិវឌ្ឍនិងជឿនលឿនសេចក្តីថ្លៃថ្នូរបស់មនុស្សគឺមានសារៈសំខាន់ណាស់។

ឯកឧត្តម បានលើកឡើងបន្ថែមថា កម្មវិធីមេត្រីបរិស្ថានជាផ្នែកមួយនៃគោលនយោបាយគាំពារបរិស្ថាន ដែលរួមមានការគ្រប់គ្រងសំណល់ ក៏ដូចជាការរៀបចំធ្វើឱ្យទីក្រុងស្អាត ជាដើម។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាមានការជឿនលឿននិងអភិវឌ្ឍន៍ ហើយប្រជាជនកម្ពុជា មានតម្រូវការធ្វើយ៉ាងណាឱ្យទីក្រុងស្អាត ពិសេសក្នុងមូលដ្ឋានមានសោភណ្ឌភាពល្អ។ ការដាក់ចេញគោលនយោបាយគាំពារបរិស្ថាននេះ ផ្តល់ប្រយោជន៍សំខាន់ដល់ប្រជាពលរដ្ធ ដើម្បីរស់នៅនៅក្នុងមូលដ្ឋានដែលមានអនាម័យនិងទីទីក្រុងស្អាត។ ជាមួយគ្នានេះ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បានបង្ហាញបន្ថែមទៀតពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះបរិស្ថាន។ សូមបញ្ជាក់ថា ក្រុមហ៊ុន Smart បានឧបត្ថម្ភដល់រង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១៕