អគ្គីភ័យបានលេបត្របាក់ផ្សារដំបូលខៀវអស់ ០៦តូប និងបណ្ដាលឲ្យខូចខាតសំភារៈមួយចំនួន

ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ១២និង១០នាទីយប់រំលងអាធ្រាត​ឈានចូលថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្សារដំបូលខៀវ​ តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ព្រមទាំងបំផ្លាញតូបលក់ដូរអស់ចំនួន ៦តូប និងសម្ភារៈក្នុងតូបអស់ទាំងស្រុង។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងលោកឧកញ៉ា កាំង ឡេង ភេទប្រុស​ អាយុ​ ៣៩ឆ្នាំ​ មុខរបរ​ អគ្គនាយកផ្សារ ដែលមានអ្នកគ្រប់គ្រងផ្សារឈ្មោះ សុង គឹមហួរ ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផ្សារ ចំពោះមូលហេតុ​នៃការឆាបឆេះ​ គឺបណ្តាលមកពីការ ឆ្លងចរន្ដអគ្គិសនី​។

ក្នុងហេតុការណ៍មួយនេះ បានឆេះបំផ្លាញ តូបថ្មប្រក់ស័ង្កសី ដែលមានទំហំ​ ២០០ម៉ែត្រ x ១២ម៉ែត្រ​ ឆេះអស់តូបចំនួន ៦តូប នឹងសម្ភារៈក្នុងតូបអស់ទាំងស្រុង​ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ២៤គ្រឿង ប្រើប្រាស់ទឹកអស់​ ២៣ឡាន ស្មើរនឹង ៩២ម៉ែត្រគូប,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន​ ២គ្រឿង​ ប្រេីប្រាស់ទឹក​អស់​ ២ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រគូប​,​ រថយន្ត​របស់ក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប​ និងរថយន្តរបស់ក្រុមហ៊ុន ISI ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១និង១០នាទីយប់រំលងអាធ្រាត​នាថ្ងៃដដែរ៕