ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបំភ្លឺទាក់ទងទៅនឹងករណីបុរសម្នាក់បើកបរក្នុងស្ថានភាពស្រវាំងភ្នែក ងងឹតមុខ បុកសមត្ថកិច្ចជាប់នៅលើដំបូលរថយន្ត

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ថារូបភាពមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ជាប់នៅលើដំបូលរថយន្តម៉ាក Prius នោះមិនមែនជាការចេញឃាត់ ឬក៏អនុវត្តច្បាប់ចរាចរណ៍នោះទេ គឺជាសកម្មភាពដែលមន្ត្រីរូបនោះកំពុងតែជួយសម្រួលចរាចរណ៍នៅតាមដងផ្លូវ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទី មានរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7987 បើកបរដោយឈ្មោះ ធ្លក សុខចំរើន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បានធ្វើដំណើរតាមបណ្តោយផ្លូវទំនប់៧០ នៅពេលមកដល់ម្តុំបឹងកក់ស្របពេលដែលសមត្ថកិច្ចកំពុងតែជួយសម្រួលការកកស្ទះនៅគោលដៅនោះ មន្ត្រីរូបនោះបានលើកដៃជាសញ្ញាបញ្ជាឱ្យរថយន្តនៅម្ខាងផ្លូវឈប់ ។

ដោយមូលហេតុបញ្ហាសុខភាពអ្នកបើកបររថយន្ត Prius មានស្ថានភាពមិនស្រួលខ្លួន ស្រវាំងភ្នែក ងងឹតមុខ នៅតែបន្តដំណើរយឺតៗទៅមុខដោយមិនបានឃើញសមត្ថកិច្ចឈរសម្រួលចរាចរណ៍នៅតាមដងផ្លូវឡើយ ឃើញស្ថានភាពកំពុងប្រឈមគ្រោះថ្នាក់ដូច្នេះ មន្ត្រីចរាចរណ៍រូបនោះមិនដឹងគេចទៅខាងណា ក៏ទ្រោបខ្លួនទៅលើរថយន្តព្រូសនោះ ។

ដើម្បីចៀសផុសពីការគ្រោះថ្នាក់ បន្ទាប់មកទៀត ក៏មានប្រជាពលរដ្ឋបាននាំគ្នាជួយឃាត់ អន្តរាគមន៍ ដោយខ្លះស្រែកផង ស៉ីផ្លេផង ទើបធ្វើឲ្យគាត់ស្វាងស្មារតីឡើងវិញ ហើយក៏បញ្ឈប់យានយន្ត ។

ក្រោយពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ ក៏បានចុះទៅត្រួតពិនិត្យ និងនាំខ្លួនអ្នកបើកបរមកពិនិត្យជាតិស្រវឹង (គ្មាន) រួមទាំងនាំយករថយន្តខាងលើមករក្សាទុកផងដែរ ។

អ្នកបើកបររូបនោះក៏បានទទួលស្គាល់នូវកំហុស ធ្វើកិច្ចសន្យា ហើយក៏បានធ្វើការថតជាវីដេអូដើម្បីធ្វើការបំភ្លឺអំពីដំណើររឿងនៃករណីនេះ ក៏ដូចជាការសុំទោសជាសាធារណ:ចំពោះកំហុសដែលកើតមានឡើងដោយអចេតនាដោយសារបញ្ហាសុខភាពនេះផងដែរ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ