ការប្រើឈ្មោះរបស់កម្មវិធី ‘Tesla’s Full Self Driving’ ចាត់ទុកថាជាការបោកបញ្ឆោត

បើតាមការផ្សព្វផ្សាយកាលពីពេលថ្មីៗនេះរបស់សារពត៌មាន The Wall Street Journal ដែលបានជួបសម្ភាសលោកស្រី Jennifer Homendy ដែលជាអ្នកដឹកនាំរបស់ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិសហរដ្ឋអាមេរិក (National Transportation Safety Board-NTSB) បានធ្វើការរិះគន់ខ្លាំងៗទៅលើកម្មវិធីដែលអាចបើកឡានបានដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla។

លោកស្រីបាននិយាយថា ក្រុមហ៊ុនត្រូវតែដោះស្រាយ អំពីបញ្ហាសុវត្ថិភាពសាមញ្ញៗ មុននឹងបន្ថែមមុខងារមួយចំនួនទៀតទៅក្នុងកម្មវិធី Autopilot និង Full Self Driving របស់ពួកគេ។

ទាំងអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពក្នុងការបើកបរនិង NTSB មានការព្រួយបារម្ភចំពោះឈ្មោះដែលក្រុមហ៊ុនបានប្រើជាមួយនឹងកម្មវិធីទាំងនេះ។ លោកស្រីបានបញ្ជាក់ថា ការដាក់ឈ្មោះកម្មវិធីដែលអាចបើកដោយស្វ័យប្រវត្តិថា ‘Full Self Driving’ គឺជាការបោកបញ្ឆោត ព្រោះវាធ្វើឱ្យអ្នកបើកបរភាគច្រើនមានការភាន់ច្រឡំថា កម្មវិធីនេះអាចបើករថយន្តបានដោយស្វ័យប្រវត្តិទាំងស្រុង ប៉ុន្តែតាមការពិត ស្វ័យភាពរបស់កម្មវិធីគឺនៅមានកំណត់នៅឡើយ ហើយវាមានប្រសិទ្ធភាពតែក្នុងកាលៈទេសៈមួយចំនួនប៉ុណ្ណោះ។

ការកត់សម្គាល់របស់លោកស្រី Homendy មិនមានន័យថា ពួកគេនឹងបិទ ឬធ្វើការហាមឃាត់ការប្រើប្រាស់កម្មវិធី Autopilot ឬ Full Self Driving នេះនៅឡើយទេ ប៉ុន្តែវាក៏ជាការក្រើនរំឭកមួយដល់អ្នកប្រើប្រាស់កម្មវិធីទាំងនេះឱ្យមានការប្រុងប្រយ័ត្នផងដែរ៕

ប្រភពព័ត៌មាន