ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ទុក​លទ្ធភាព​ឲ្យ​វៀត​ណាម​ត្រឹម​ខែ​តុលា ក្នុង​ការ​សម្រេច​រៀប​ចំ​ស៊ីហ្គេម ឬ​អត់

CAMSOC-ភ្នំពេញ៖ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និង​បណ្ដា​ប្រ​ទេស​ស​មា​ជិក បាន​ទុក​លទ្ធ​ភាព​ឲ្យ​ម្ចាស់​ផ្ទះ​វៀត​ណាម​ត្រឹម​ខែ​តុលា​ប៉ុណ្ណោះ ក្នុង​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ អំ​ពី​ការ​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​ស៊ីហ្គេម ឆ្នាំ​២០២១ ដែល​បាន​សម្រេច​ពន្យារ​ពេល​ទៅ​ឆ្នាំ​២០២២ ហើយប្រ​សិន​បើ​មិន​មាន​ការ​សម្រេច​ណា​មួយ​នោះ​ទេ ព្រឹត្តិ​ការណ៍​លើក​ទី​៣១នេះ នឹង​ត្រូវ​ប្រ​ឈម​ការ​លុប​ចោល​ជា​ប្រ​វត្តិ​សាស្ដ្រតែម្ដង។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ២០២៣ (CAMSOC) និង​ជា​អគ្គ​លេ​ខា​ធិ​ការ​គណៈ​កម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​ (NOCC) បាន​មាន​ប្រ​សាសន៍​ថា ការ​កំ​ណត់​ឱ​សាន​វាទ​សម្រាប់​វៀត​ណាម​នេះ បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រ​ជុំ​គណៈ​អ​ចិន្ដ្រៃយ៍​របស់​ក្រុម​ប្រឹក្សា​កី​ឡា​អាស៊ី​អាគ្នេយ៍ កាល​ពី​ថ្ងៃទី​១៧ ខែ​កញ្ញា​កន្លង​ទៅ ស្រប​ពេល​វៀត​ណាម នៅ​មាន​ភាព​ស្ទាក់​ស្ទើរ និង​មិន​ទាន់​មាន​ការ​ប្រ​កាស​ជា​ផ្លូវ​ការ អំពី​កាល​បរិច្ឆេទ​ច្បាស់​លាស់​ក្នុង​ការ​រៀប​ចំ​ស៊ីហ្គេម នៅ​ប្រ​ទេស​របស់​ខ្លួន​នៅ​ឡើយ។

ឯកឧត្តមបន្ដថា «គណៈអចិន្ដ្រៃយ៍របស់ក្រុមប្រឹក្សា​កី​ឡា​អា​ស៊ី​អា​គ្នេយ៍ បាន​ផ្ដល់​លទ្ធ​ភាព​ឲ្យ​វៀត​ណាម​នៅ​ខែ​តុលា​ខាង​មុខ នៅ​ពេល​ប្រជុំ​គណៈ​អចិន្ដ្រៃយ៍​ម្ដង​ទៀត ត្រូវ​សម្រេច​ឲ្យ​បាន​ថា វៀត​ណាម ធ្វើ​នៅ​ពេល​ណា? បើវៀតណាមមិនសម្រេចទេ នឹងមានការសម្រេចចិត្ត​ក្នុង​ប្រ​ទេស​អាស៊ាន​ទាំង​អស់​ថា នឹង​មាន​ការ​លុប​ចោល ឬ​ក៏​ផ្អាក​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​របស់​វៀត​ណាម ហើយផ្ទេរភាពជាប្រធានមកឲ្យកម្ពុជាតែម្ដង ដើម្បីយើងធ្វើដំណើរទៅឲ្យស្រួល និងស្របតាមកម្មវិធី ដែលកម្ពុជាយើងជាម្ចាស់ផ្ទះ មានភាពជាអ្នកដឹកនាំច្បាស់លាស់ មានអ្នកដឹកនាំច្បាស់លាស់ ពីព្រោះដល់វេណយើង យើងជាប្រធានដឹកនាំការរៀបចំស៊ីហ្គេម»។

អគ្គលេខាធិការ CAMSOC និង NOCC បន្ថែមថា ក្នុង​នាម​សមា​ជិក​ស៊ី​ហ្គេម ក៏មិនខុសពីបណ្ដាប្រទេសផ្សេងៗដែរ ដោយ​មិន​អាច​រង់​ចាំ​ទៀត​បាន ពិសេសក្នុងនាមម្ចាស់ផ្ទះបន្ដវេណ ត្រូវ​ការ​ចាំ​បាច់​នូវការ​ផ្ទេរសិទ្ធិជាប្រធាន ដើម្បីបញ្ចៀសនូវ​ការរាំង​ស្ទះដល់​ដំណើរការរៀប​ចំ​ធ្វើ​ជាម្ចាស់ផ្ទះស៊ីហ្គេម។ ប៉ុន្ដែយ៉ាងណា ក្នុងនាមសមាជិកអាស៊ាន នឹង​ត្រូវ​មានការសម្រប​សម្រួល​គ្នាដោយសន្ដិវិធី ព្រោះក្នុងអាស៊ាន មាន​សាមគ្គីភាព និងមានឯកភាពផ្ទៃក្នុងល្អណាស់។ ដូច្នេះ​ គេនឹង​និយាយគ្នា​តាម​សម្រួល ផ្ដល់ការយោបល់ឲ្យគ្នា ដើម្បីរកដំណោះស្រាយមួយដ៏ល្អ តែ​ក៏​ត្រូវ​គោរព​ទៅ​តាម​ច្បាប់ និងធម្មនុញ្ញ្របស់ស៊ីហ្គេមផងដែរ៕