សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំណល់រឹង និងសំណល់ប្លាស្ទិក 

នាព្រឹកថ្ងៃច័ន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង ៩:០០ នាទី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំណល់រឹង និងសំណល់ប្លាស្ទិក តាមរយ:ប្រព័ន្ធវីដេអូពីចម្ងាយ (Zoom Meeting)។

សមាសភាពអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះសរុបប្រមាណ៥៥រូប ដែលរួមមាន៖

-តំណាងក្រសួងបរិស្ថាន

-តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន

-ឯកឧត្តម តាំង ម៉េងលាន អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល

-ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប

-ឯកឧត្តម សុខ ភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ

-លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន

-លោកស្រី Katelijn van den Berg តំណាងធនាគារពិភពលោក

-លោក លោកស្រី ជាប្រធានមន្ទីរ-ជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តកណ្ដាល ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ

-ថ្នាក់ដឹកនាំ និងមន្រ្ដីបច្ចេកទេស នៃក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោក។

គោលបំណងនៃសិក្ខាសាលារួមមាន៖

ទី១. ការបង្ហាញអំពីបច្ចុប្បន្នភាពនៃគម្រោង សមាសធាតុសំខាន់ៗ និងសកម្មភាពចាំបាច់ដើម្បីអនុវត្តគម្រោង

ទី២. ការបង្ហាញអំពីដំណើរការជ្រើសរើសទីតាំងសមស្របសម្រាប់រៀបចំទីលានចាក់សំរាម ដែលរួមបញ្ចូលទាំងការប្រមូលធាតុចូលពីសហគមន៍ប្រជាពលរដ្ឋ ដែលនៅរស់នៅជិតទីតាំងចាក់សំរាម

ទី៣. ការបង្ហាញអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវសំខាន់ៗ ដូចជា៖

-ការសិក្សាអំពីលទ្ធភាពគម្រោងនៃការអនុវត្តគម្រោង រួមទាំងដំណើរការកំណត់ និងជ្រើសរើសទីលានចាក់សំរាម

-ការសិក្សាអំពីក្របខណ្ឌបរិស្ថាន និងសង្គម

-ការពិគ្រោះយោបល់ជាមួយសហគមន៍ និងការសិក្សាក្របខណ្ឌបរិស្ថាន និងសង្គម ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការអនុម័តហិរញ្ញប្បទានពីធនាគារពិភពលោក

ទី៤. ការបង្ហាញអំពីផែនការសម្រាប់ធ្វើការផ្សព្វផ្សាយជាសាធារណៈ នូវឯកសារក្របខណ្ឌសម្រាប់សម្រាប់ការគ្រប់គ្រងបរិស្ថាន និងសង្គមនៅខេត្តសៀមរាប ការពិគ្រោះយោបល់ និងការចរចាហិរញ្ញប្បទានជាមួយរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក។

សិក្ខាសាលានេះមានរយះពេលពេញ១ព្រឹក ដែលប្រព្រឹត្តទៅដោយមានការចូលរួមពិភាក្សាផ្តល់យោបល់យ៉ាងផុសផុលពីមន្ត្រីជំនាញ និងបានបញ្ចប់ដោយជោគជ័យតាមកម្មវិធីដែលបានគ្រោងទុក។

មុននឹងបិទបញ្ចប់អង្គសិក្ខាសាលា ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្តាំផ្ញើជូនក្រុមការងារបច្ចេកទេសសិក្សារៀបចំគម្រោង និងរដ្ឋបាលខេត្តទាំង៣ នូវកិច្ចការមួយចំនួន រួមមាន៖

ទី១. សូមក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោកបញ្ចូលនូវធាតុចូលទាំងឡាយដែលបានលើកឡើងក្នុងអង្គសិក្ខាសាលានេះទៅក្នុងរបាយការណ៍សិក្សារបស់ខ្លួន ព្រមទាំងបន្តជួយគាំទ្រស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលបានលើកឡើងដោយរដ្ឋបាលខេត្តគោលដៅនីមួយៗ

ទី២. រដ្ឋបាលខេត្តគោលដៅនីមួយៗ ត្រូវបន្តសហការជាមួយនឹងក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក និងក្រសួង ស្ថាប័នថ្នាក់ជាតិនៅក្នុងដំណើរសិក្សារៀបចំគម្រោងនេះឱ្យបានជោគជ័យ ស្របតាមក្របខណ្ឌពេលវេលា ដែលបានកំណត់

ទី៣. រដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់អនុវត្តទៅតាមលក្ខខណ្ឌនានា ដែលជាតម្រូវការចាំបាច់នៅក្នុងដំណើរការរៀបចំគម្រោង ជាពិសេសការដោះស្រាយផលប៉ះពាល់បរិស្ថាន និងសង្គម ចំពោះប្រជាពលរដ្ឋដែលមានទីលំនៅនៅក្បែរទីតាំងចាក់សំរាម

ទី៤. រដ្ឋបាលខេត្ត ត្រូវត្រៀមលក្ខណសម្បត្តិ និងគាំទ្រដល់រដ្ឋបាលក្រុង ស្រុករបស់ខ្លួន ដើម្បីចូលរួមអនុវត្តគម្រោងនេះឱ្យបានពេញលេញ និងឱ្យបានសមស្របទៅតាមស្មារតីនៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន៕