កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ករណីលួចផ្លាកលេខរថយន្ត និងសមគំនិតទទួលផលចោរកម្ម

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បានទទួលបណ្តឹងពីករណីបាត់ស្លាកលេខរថយន្ត នៅចំណុចមុខសណ្ឋាគារ មិត្តភាព ផ្លូវលេខ ១៧៤ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៤:០០នាទី ។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងរួច កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានបើកធ្វើការស្រាវជ្រាវ រហូតដល់ធ្វើការបង្ក្រាបមុខសញ្ញារជាក់ស្តែងបានជាបន្តបន្ទាបចំនួន ០៤នាក់។ជនសង្ស័យឃាត់ខ្លួនរួមមាន៖

១- ឈ្មោះ ជា ឡេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ ។

២- ឈ្មោះ ភិរិន វណ្ណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវលេខ១៧៨ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

៣- ឈ្មោះ ផុន ម៉ូលីស៊ីន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៦ ផ្លូវសុធារស ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

៤- ឈ្មោះ សៅ ភក្ត្រ័ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នក់នៅផ្ទះលេខ ២២០ ផ្លូវលេខ១៣ ភូមិ៤ សង្កាត់ជ៍យជំនះ ខណ្ឌដូនពេញ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ០៤នាក់ខាងលើ កម្លាំងបន្តសាកសួរចម្លើយរហូតស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ ហាន ជីវី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងជួសជុល នៅចំណុចយានដ្ឋានជួសជុលរថយន្ត ម៉េង ឡុង ផ្លូវលេខ ៦២ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លុះរហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២២:០០នាទី កម្លាំងផ្នែកជំនាញរបស់អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានសហការណ៍ជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានបើកការស្រាវឈានដល់ការបង្ក្រាបជនសង្ស័យចំនួម្នាក់ទៀតឈ្មោះ អ៊ឹង ភិចគីម ភេទស្រី (តែងខ្លួនធ្វើប្រុស ) អាយុ ៣០ឆ្នាំ មុខរបរលក់រថយន្ត ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចប្បន្នជនសង្ស័យ កម្លាំងជំនាញបន្តសាកសួរចម្លើយរកបក្ខពួក និងប្រវត្តិប្រព្រឹត្តបទល្មើសកន្លងមក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕