ក្រុមហ៊ុនលក់ដីឡូដ៍មួយកន្លែងនៅខេត្តបន្ទាយមានជ័យ យកកម្រៃ២០ភាគរយពីការលក់ជួយមន្ទីរពេទ្យកុមារអង្គរ

ភ្នំពេញ៖ ក្រោយពីមើលឃើញក្នុងការជួយដល់សង្គម ជាពិសេសជួយដល់មន្ទីរពេទ្យកុមារអង្គរនោះ តារាចម្រៀង លោកខេមរៈ សិរីមន្ត បានចាប់ដៃសហការគ្នាជាមួយនឹងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៊ីស្ទេត ឯ.កពុះដីឡូដ៍លក់ហើយកម្រៃដែលទទួលបានការលក់ដីនេះចំនួន២០ភាគរយ យកទៅជួយមន្ទីរពេទ្យកុមារអង្គ ដែលស្ថិតនៅខេត្តសៀមរាប។

អ្នកស្រី ប៉ាងណាគ្រី អគ្គនាយិកា ក្រុមហ៊ុនប៉ាងណាគ្រីរៀលអ៊ីស្ទេតឯ.ក និងលោក ខេមរៈសិរីមន្ដ បានថ្លែងក្នុងស្នាក់ការលក់អចលនទ្រព្យរបស់ក្រុមហ៊ុនស្ថិតនៅក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងពេលរៀបចំបើកគម្រោងពុះដីល្វែង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១នេះថា ក្រោយមើលឃើញនូវសក្កានុពលភាពចំពោះតំបន់នេះអាចនឹងក្លាយទៅជាទីក្រុងប៉ោយប៉ែតទី២ ដោយសារតែមានការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងអ្នកវិនិយោគផ្សេងៗផងនោះ បានប្រែក្លាយតំបន់សង្គ្រាមនេះឲ្យទៅជាតំបន់សេដ្ឋកិច្ច និងកន្លែងកំសាន្តជាច្រើន។ ដូច្នេះការសហការគ្នាពេលនេះ គឺមាន គម្រោងពុះដីឡូដ៍លក់ចំនួន២០០ហិកតាជាលើកដំបូង ហើយក្រុមហ៊ុនបានរៀបចំសម្រាប់ប្រជាពលរដ្ឋឬអតិថិជនដែលបានជាវគម្រោងនេះបង់ផ្ដាច់ត្រឹមតែ១៩៥០$ ហើយសម្រាប់បងប្អូនដែលមាន ជីវភាពក្រលំបាកខ្លាំងគ្រាន់តែចំណាយ១ខែដប់ម៉ឺនរៀលតែប៉ុណ្ណោះ។

លោកខេមរៈ សេរីមន្ត និងអ្នកស្រីអគ្គនាយិការក្រុមហ៊ុននេះបានបញ្ជាក់ឲ្យដឹងទៀតថា«ចំពោះដីដែលលក់បានគឺក្រុមហ៊ុនយើងចំណាយ ២០ភាគរយ ជួយដល់មន្ទីរពេទ្យកុមារអង្គរដូចជាគ្រឿងបរិក្ខាថ្នាំពេទ្យ និងឧបករណ៍ផ្សេងៗទៀតសម្រាប់មន្ទីរពេទ្យមួយនេះ»។

ជាមួយគ្នានោះដែរ តារាចម្រៀងរូបនេះបានបញ្ជាក់ឲ្យដឹងផងដែរថា ចំពោះចក្ខុវិស័យរបស់ក្រុមហ៊ុនគឺជួយអភិវឌ្ឍ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ ដោយនឹងមានការបណ្ដុះបណ្ដាលធនធានមនុស្ស ជំនាញវិជ្ជាជីវៈដោយជួលគ្រូពីបរទេសមកបង្រៀនបច្ចេកទេសដល់ពួកគាត់ដើម្បីមានជំនាញប្រកបរបរចិញ្ចឹមជីវិតនិងបានកម្រៃខ្ពស់ផងដែរ៕