រដ្ឋបាលខេត្តកណ្តាលព្រមានបិទ ម្ចាស់អាជីវកម្ម ដឹកជញ្ជូន ខ្សាច់ គ្រួស និងថ្ម នៅក្នុងក្រុងតាខ្មៅ ដែលមិនគោរពកិច្ចសន្យានិងច្បាប់

រដ្ឋបាលខេត្តកណ្តាលព្រមានថានឹងបិទអាជីវកម្ម រកស៊ី ដឹកជញ្ជូន ខ្សាច់ គ្រួស និងថ្ម ដែល មិនគោរពតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា ជាពិសេស ម្ចាស់អាជីវកម្មដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវអាចប្រឈមនឹងការបិទអាជីវកម្មតែម្តង។

អភិបាលរងខេត្តកណ្តាល ឯកឧត្តម ណុប ដារ៉ា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺមានគោលបំណងឱ្យម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកថ្ម ខ្សាច់ និងគ្រួសនៅទូទាំងក្រុងតាខ្មៅត្រូវចូលរួមគោរពតាមបទដ្ឋានបច្ចកទេស ស្ដីពី ការដឹកជញ្ជូនដើម្បីបញ្ចៀសឲ្យបាននូវការដឹកលើសទម្ងន់ដែលនាំឲ្យផ្លូវថ្នល់ឆាប់ខូច និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា បានណែនាំដល់ម្ចាស់អាជីវកម្មដឹកថ្ម ដឹកខ្សាច់ទាំងអស់ ត្រូវត្រួតពិនិត្យលើការដឹកជញ្ជូនត្រូវធ្វើយ៉ាងណាឱ្យស្របច្បាប់គោរពឱ្យបានតាមកិច្ចសន្យាម្ចាស់អាជីវកម្មត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវគោរពតាមច្បាប់ និងកិច្ចសន្យាស្តាប់ការណែនាំរបស់អជ្ញាធរ។រាល់ការដឹកជញ្ជូនខ្សាច់ គ្រួស និងថ្ម ម្ចាស់អាជីវកម្មត្រូវណែនាំដល់អ្នកដឹកត្រូវលាងសម្អាតកង់ឡានឱ្យបានស្អាតពេលចេញពីដេប៉ូត្រូវគ្របឱ្យបានជិតល្អ កុំដឹកលើសទម្ងន់បើកបរដោយក្រមសីលធម៌ ត្រូវលាងសម្អាតផ្លូវដែលប្រឡាក់ឱ្យបានងស្អាត។

ឯកឧត្តមបានស្នើដល់កម្លាំងមានសមត្ថកិច្ចត្រូវកំណត់អត្តសញ្ញាណអ្នកបើករថយន្តដឹកខ្សាច់ ដឹកដីឱ្យបានច្បាស់លាស់ស្របតាមច្បាប់ និងត្រូវត្រួតពិនិត្យរកសារធាតុញៀនផងដែរ។ ចំពោះ រថយន្ត អាជីវកម្មទាំងនោះបើមិនបាន គោរពទៅតាមការណែនាំទេសមត្ថកិច្ច និងមន្ត្រី ជំនាញត្រូវសហការដើម្បីចាប់រថយន្តទាំងនោះ យកមកផាកពិន័យទៅតាមផ្លូវច្បាប់៕