មេខ្យល់ប្រុសស្រី ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់ខ្លួនខណ:ធ្វើសកម្មភាពនាំមនុស្សឆ្លងដែនទៅថៃខុសច្បាប់

បន្ទាយមានជ័យ៖ មេខ្យល់ប្រុសស្រី ៤នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងវរនគរបាលការពារព្រំដែនគោគ៨០៧ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្វាយចេក ចាប់ខ្លួនខណ:ធ្វើសកម្មភាពមនុស្សឆ្លងដែនទៅថៃខុសច្បាប់ បញ្ជូនទៅតុលាការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ទទួលផែនការងារព្រំដែនបានមានប្រសាសន៍ថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេសបទល្មើសពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ក៏បានឃាត់ខ្លួនមេខ្យល់ប្រុសស្រីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅថៃ ចំនួន៤នាក់ និងពលករចំនួន១៣នាក់ បញ្ចូនទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកសួរនាំបន្តតាមនីតិវិធី។

ពាក់ពន្ធ័ករណីខាងលើនេះ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សជាតិ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្សនិងយេ៉នឌ័រ បានមានប្រសាសន៍ថា យោងនិងពលករចំនួនបានបង្ហាញថា ជនសង្ស័យឈ្មោះ សួន ម៉ាង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិចំការគ ស្រុកស្វាយចេក ជាមេខ្យល់ពិតប្រាកដ ដោយរូបគេបានយកប្រាក់ពីពលករក្នុង១នាក់២៥០០បាត ជាថ្នូរថ្លៃជូនផ្លូវពិតប្រាកដមែន។ ចំពោះឈ្មោះ ចំរើន ធារ: ភេទប្រុស ឈ្មោះ ចាន់ រស្មី ភេទស្រី ឈ្មោះ ប្រម វិន័យ ភេទស្រី បានសារភាពថា ពួកគេបានដឹកជញ្ជូនពលករតាមរថយន្តនិងម៉ូតូ មកឲ្យមេខ្យល់ឈ្មោះ សួន ម៉ាន នៅច្រកបឹងព្រីង ក្នុងភូមិថ្នល់បំបបែក ឃុំគោករមៀត ស្រុកថ្មពួកពិតប្រាកដមែន។

លោកស្រីស្នងការរងបានបញ្ជាក់ថា បច្ចប្បន្នមេខ្យល់ប្រុសស្រីទាំង៤នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ និងបានតម្រូវឲ្យមេខ្យល់ប្រគលប្រាក់ជូនពលករទាំងអស់វិញ។ពលករទាំង១៣នាក់ក្នុងនោះកុមារម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលព្យបាលកូវីដ១៩ ក្នុងក្រុងសិរីសោភ័ណ៕