មុខរបរ​ចិញ្ចឹម​ត្រី​ឆ្ពង់អាចរកចំណូលជាង១ម៉ឺនដុល្លារក្នុងមួយរដូវនៅខេត្តកោះកុង

ក្រសួង​បរិស្ថាន​:​ លោក ឡុង ស៊ីន អាចរកចំណូលជាង១ម៉ឺនដុល្លារ ក្នុងរយៈពេលតែ៥ទៅ៦ខែប៉ុណ្ណោះ។ គាត់ជាអ្នកចិញ្ចឹមត្រីឆ្ពង់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ក្នុងដែនជំម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង។ ក្នុងនាមជាមេគ្រួសារដែលមានសមាជិកចំនួន ៥នាក់ លោក ឡុង ស៊ីន មានមុខរបរជាអ្នកនេសាទផងនិងជាចិញ្ចឹមត្រីស្ពង់ផង។ លោកបានចាត់ទុកថា មុខរបរចិញ្ចឹមត្រីគឺល្អជាងការនេសាទព្រោះមិនត្រូវការអ្វីច្រើនក្រៅពីការឲ្យចំណី និងថែទាំទឹកនៅក្នុងស្រែចិញ្ចឹមឲ្យបានល្អប៉ុណ្ណោះ។

ក្នុងមួយរដូវ លោក ឡុង ស៊ីន អាចរកចំណូលជាប្រាក់ចំណេញពី៣០ទៅជាង៤០លានរៀល(ប្រមាណ១ម៉ឺនដុល្លារអាមេរិក)ពីការចិញ្ចឹមត្រីស្ពង់។ គេអាចលក់ចេញត្រី នៅពេលវាមានទម្ងន់ពី 0,៩ គក្រ.(៩ខាំ) រហូតដល់១,២ គក្រ.(១គីឡូ២ខាំ)។ អ្នកចិញ្ចឹមត្រីស្ពង់នៅខេត្តកោះកុង ចំណាយថវិកាលើចំណីត្រីចំនួន ១០លានរៀល ដើម្បីចិញ្ចឹមកូនត្រី ចំនួន៥ពាន់ក្បាល ក្នុងដីស្រែទំហំ៧០ម៉ែត្រ គុណ ១០០ម៉ែត្រ។ គេអាចចិញ្ចឹមត្រីស្ពង់បាន១ម៉ឺនក្បាលក្នុងស្រែដែលមានទំហំ១ហិកតា៕