សមត្ថកិច្ចនគរបាលបង្រ្កាបករណីគ្រឿង​ញៀនមួយករណីឃាត់ខ្លួនមុខសញ្ញាម្នាក់និងដកហូតវត្ថុតាងជាង ១គីឡូក្រាម នៅស្រុកគាស់​ក្រឡ

កាលពីថ្ងៃ​ ចន្ទ​ ៤រោច ​ខែ​អស្សុជ ​ឆ្នាំ​ឆ្លូវ​ត្រីស័ក​ព.​ស.២៥៦៥​ត្រូវនឹង​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០២១ វេ​លាម៉ោង ១៦និង៤០នាទី នៅចំណុចអណ្តូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡខេត្តបាត់​ដំបង​ អនុវត្តនូវយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោ​កឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការងារប្រឆាំងគ្រឿង​ញៀន​ លោ​កវរសេនី​យ៍ឯក​ សុខ​ និមល​ នា​យ​ការិយាល័យប្រឆាំងគ្រឿង​ញៀនបាន​ដឹកនាំកម្លាំងក្នុងការិយាល័យ​ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន សហ​ការ​ជាមួយ កម្លាំងអធិការដ្ឋាននគរ​បាលស្រុកគាស់ក្រឡ ដែលមានលោកវរសេនីយ៍ឯក​ប៉ាង​ ហៀង​ ជាអធិការនគរបាលស្រុក​ ចុះប្រតិបត្តិការ បង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុ​ញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាកឈ្មោះ រស់ សុខី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ១០៣៦,៧៣ក្រាម (ទាំងសម្បក)

-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) -រថយន្តចំនួន ០១គ្រឿង ម៉ាក TOYOTA CAMRY សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2Q-9842 ដែលមានលេខតួ 4T4BE46K J8R04026 ។

នៅពេលនេះជនសង័្សយ និង វត្ថុតាង កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមផ្លូវច្បាប់៕