នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានី បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន០៣ ករណី។

+ករណីទី១៖ ក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបដៃ ពណ៌-ខ្មៅ) នៅចំណុចមុខហាងកាហ្វេប៉ោយប៉ែត ផ្ទះលេខ១៨ ផ្លូវលេខ២៤២ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៦នឹង២០នាទី។

ជនរងគ្រោះឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២១ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមន្រ្តីនគរបាល។ សម្ភារបាត់បង់ៈ កាបូបដៃពណ៌ខ្មៅចំនួន០១, អាវុធខ្លីម៉ាកZORAKI ពណ៌ខ្មៅ ចំនួន០១ដើម,ទូរស័ព្ទដៃម៉ាកអាយហ្វូនពណ៌ខ្មៅ ចំនួន០១គ្រឿង,ប្រាក់ដុល្លារចំនួន២,៥០០ដុល្លារអាមេរិក,ប្រាក់រៀល ចំនួន២,០០០,០០០រៀល,បណ្ណបើកបររថយន្ត,អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹក។

+ករណីទី២៖ ក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ ពណ៌-ខ្មៅ) នៅចំណុចមុខអគារពន្ធដា ផ្លូវលេខ២៤៥ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៣នឹង៣០នាទី។

ជនរងគ្រោះឈ្មោះ បាន មួយហៀង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៥ ផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរមន្រ្តីពន្ធដារ។

សម្ភារបាត់បង់៖ អត្តសញ្ញាណប័ណ្ណមួយសន្លឹក, ប័ណ្ណបើកបរមួយសន្លឹក, កាតATM ចំនួន០៣សន្លឹក, ប័ណ្ណបង់ពន្ធផ្ទះចំនួន០៦ សន្លឹក, ប័ណ្ណសមាជិកគណបក្សប្រជាជនចំនួន ០១សន្លឹក, ប្រាក់រៀលចំនួន ម្ភៃម៉ឺនរៀល។

+ករណីទី៣៖ ក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនមិនបានសម្រេច) នៅចំណុចមុខផ្សារធីខេ ផ្លូវលេខ៣១៥ ក្រុម៣១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១នឹង១០នាទី។

លោកនាយការិយាល័យបន្តថាជនសង្ស័យទី១-ឈ្មោះ ស៊ីថា ស៊ីណាវិបុល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០អេស ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញឃាត់ខ្លួនថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១២នឹង០០នាទី នៅចំណុចផ្លូវលេខ១០៣ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ, ទី២-ឈ្មោះ សូ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ១៥ ផ្លូវលេខ៦៥ ក្រុម១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧នឹង៤០នាទី នៅចំណុចម្តុំមាត់ទន្លេ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកេវ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ ចាន់ សុខឆេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែកស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោងប្រហែល១២នឹង០០នាទី នៅចំណុចផ្លូវលេខ១០៣ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ផលិតឆ្នាំ២០២០ គ្មានស្លាកលេខ ចំនួន០១គ្រឿង, អាវុធខ្លីម៉ាក ZORAKI ពណ៌ខ្មៅ បង់ចំនួន០១គ្មានគ្រាប់,បណ្ណសម្គាល់យានយន្ត១សន្លឹក ,អត្តសញ្ញាណបណ្ណចំនួន០១ សន្លឹក,ឯកសារផ្សេងៗមួយចំនួន និងកាបូបដៃ ពណ៌-ខ្មៅ ចំនួន ០១ ជារបស់ជនរងគ្រោះឈ្មោះ ជា ប៊ុនហេង ៕

ប្រភពៈ http://cambodiapolice.com/