រដ្ឋបាលខេត្តកែប​ ច្រានចោលព័ត៌មាន​ ដែលបានផ្សព្វផ្សាយថាមានវត្ថុបុរាណតម្លៃជាង ៤០ម៉ឺនដុល្លារ បាត់ដំណឹងនៅខេត្តកែប

កែប÷ ឆ្លើយតបព័ត៌មានចុះផ្សាយខាងលើនេះ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកែប​ បានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយក្នុងគោលបំណង ដើម្បីបកស្រាយបំភ្លឺដល់សាធារណជនទូទៅជុំវិញករណីរូបចម្លាក់០១ ដែលកន្លងមកមានប្រជានេសាទបានប្រគល់ជូនរដ្ឋបាលខេត្តកែបយកមករក្សាទុក ដើម្បីឱ្យអ្នកជំនាញធ្វើការពិនិត្យស្រាវជ្រាវកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់ថាតើចម្លាក់នេះមានទម្រង់ និងរចនាបទជារូបអ្វី ធ្វើឡើងពីអ្វី របស់បុរាណឬក៏មិនមែន ហើយមានតម្លៃប៉ុណ្ណា។ ក្នុងសន្និសីទសារព័ត៌មានប្រើពេលជិត១ម៉ោង វាគ្មិនដែលជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត និងមន្ត្រីជំនាញបានបញ្ជាក់ថា អាជ្ញាធរខេត្តកែបកំពុងរក្សាទុករូបចម្លាក់នេះនៅទីកន្លែងសុវត្ថិភាពមិនបានបាត់ទៅណានោះទេ។ ទោះយ៉ាងណាយើងក៏នៅមិនទាន់អាចកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់១០០%នៅឡើយ។

លោក អុឹង វុទ្ធី នាយករដ្ឋបាល និងជាអនុប្រធានអ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានឱ្យដឹងថា រូបចម្លាក់ដែលមានទម្ងន់ប្រមាណជិត ៥គីឡូក្រាមនេះ រដ្ឋបាលខេត្តកំពុងរក្សាទុកដើម្បីធ្វើការស្រាវជ្រាវពីប្រវត្តិនៃរូបចម្លាក់នេះអាជ្ញាធរមិនទាន់អាចកំណត់បានទេថា ជារបស់បុរាណឬយ៉ាងណា ហើយមានតម្លៃប៉ុណ្ណានោះទេ។ សម្រាប់ការធ្វើសន្និសីទសារព័ត៌មានថ្ងៃនេះ រដ្ឋបាលខេត្តចង់បង្ហាញទៅកាន់សាធារណជនថា រូបចម្លាក់ដែលអ្នកនេសាទបានប្រគល់ជូនអាជ្ញាធរខេត្តកែប គឺនៅរក្សាទុកនៅទីកន្លែងសុវត្ថិភាពហើយ មិនបានបាត់ទៅណាដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ។ ព័ត៌មានដែលថារូបចម្លាក់បានបាត់ ហើយមានតម្លៃរហូតដល់ជាង៤០ម៉ឺនដុល្លារ មិនពិតទេគឺគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។

អាជ្ញាធរខេត្តបានទទួលរូបចម្លាក់ពីអ្នកនេសាទ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការយឺតយ៉ាវក្នុងការពិនិត្យ ដោយសារគិតថានេះជារូបចម្លាក់ធម្មតា មិនបានចាត់ទុកថាជាចម្លាក់បុរាណអ្វីនោះទេ ទើបមិនបានស្វះស្វែងស្រាវជ្រាវ។ រីឯការទទួលយករូបចម្លាក់មកទុក គឺដើម្បីការពារមិនឱ្យធ្លាក់ដល់ដៃជនទុច្ចរិត ដែលមានបំណងមិនល្អដោយប្រការណាមួយក្នុងគោលបំណងផ្សេង។

លោក តុង ភោ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកែប ក៏បានជម្រាបជូនពីសារបាននៃដំណើររឿងរូបចម្លាក់នេះ និងបានគូសបញ្ជាក់ថាបន្ទាប់ពីបញ្ចប់ការធ្វើសន្និសីទសារព័ត៌មាននេះ លោកនឹងរៀបចំរបាយការណ៍ដាក់ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ស្នើសុំចាត់មន្រ្តីជំនាញចុះមកធ្វើការស្រាវជ្រាវលម្អិតបន្ថែមអំពីរូបចម្លាក់មួយនេះ សម្រាប់បង្ហាញភាពប្រាកដប្រជាបន្ថែមជូនមហាជនបានជ្រាប។

ពាក់ព័ន្ធស្ថានភាពនៃរូបចម្លាក់ខាងលើ មន្រ្តីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្ត បានបញ្ជាក់ថារូបចម្លាក់នេះអាចធ្វើឡើងតាមលំនាំនៃរឿងទេវកថាណាមួយ មានទម្រង់ជាព្រះនរាយណ៍ទ្រង់គង់លើសត្វគ្រុឌ និងព្រហស្ថស្តាំកាន់នាគរាជដែលមានរចនាបទលើសពីទម្រង់វត្ថុបុរាណ។ មន្រ្តីជំនាញរូបនោះបានសន្និដ្ឋានជាជំហ៊ានដំបូងថា រូបចម្លាក់នេះមិនមែនជារូបចម្លាក់បុរាណទេ ដោយឡែកវត្ថុធាតុដើមយកមកធ្វើរូបចម្លាក់នេះគឺអាចធ្វើឡើងពីលោហធាតុស្ពាន់សម្រាប់តាំងលម្អជាធម្មតាប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងនគរបាលខេត្តកែប ក៏បានសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ មុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានត្រូវតែប្រមូលទិន្នន័យព័ត៌មាន វិភាគព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ វាយតម្លៃព័ត៌មាន និងសន្និដ្ឋានឱ្យបានច្បាស់លាស់មុននឹងចុះផ្សាយ ចៀសវាងផ្សាយព័ត៌មានមិនពិតដែលនាំអោយសាធារណ:ជនមានការភ័ន្តច្រឡំ​ ប៉ះពាល់ដល់អ្នកដ៏ទៃ ដល់ស្ថាប័ន និងប្រាស់ចាកក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានទៀតផង។

គួរបញ្ជាក់ថា រូបចម្លាក់ខាងលើ បានជាប់មកជាមួយមងរបស់អ្នកនេសាទ នៅសមុទ្រនៃខេត្តព្រះសីហនុ ដោយអ្នកនេសាទឈ្មោះ កាន់ ថា ភេទប្រុស អាយុ ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ សេង ស៊ីថា អាយុ ២៧ឆ្នាំ នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ហើយអាជ្ញាធរខេត្តកែបបានទទួលយកមករក្សាទុកនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online