បុរសម្នាក់ប្រេីប្រាស់គ្រឿងញៀននិងបង្កហិង្សាក្នុងគ្រួសារត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់បន្ទាប់ពីក្រុមគ្រួសារបានបង្ហោះរូបភាពជាសាធារៈក្នុងបណ្តាញសង្គម
នៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០២១ នេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វេីការឃាត់ខ្លួនយុវជនម្នាក់ បន្ទាប់ពីក្រុមគ្រួសាររបស់គាត់បានបង្ហោះរូបភាព និងសរសេររៀបរាប់ អំពេីសកម្មភាពដែលមិនអាចទ្រាំទ្របន្តទៀតបាននៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក និងបានស្នេីសុំការជួយអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច។
សេចក្តីរៀបរាប់របស់ក្រុមគ្រួសារ បានបញ្ជាក់ថា យុវជនឈ្មោះ ហុង ថៃលី អាយុ៣០ឆ្នាំ រស់នៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជោគជាំដោយគ្រឿងញៀនហេីយត្រូវបានក្រុមគ្រួសារនាំយកទៅ អប់រំកែប្រែនៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន ០៤លើករួចមកហើយ តែយុវជនរូបនេះមិនព្រម កែប្រែទាល់តែសោះ ហើយរូបគេនៅតែបន្តសកម្មភាពប្រើប្រាស់គ្រឿងញៀនដដែល។
ការរៀបរាប់បានបន្តទៀតថា គ្រប់ពេលដែលគាត់ប្រើប្រាស់គ្រឿងញៀន ម្តងៗគាត់តែងតែ ប្រើហិង្សាទៅលើក្រុមគ្រួសារនេះ រហូតគាត់ជាសមាជិកក្នុងគ្រួសារទ្រាំលែងបានទើបថតរូបភាពនិងបង្ហោះជាសាធារណៈតែម្តងទៅ។
នៅពេលឃាត់ខ្លួនលេីកនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីអនុវត្តទៅតាមផ្លូវច្បាប់៕