AFC U-23 Asian Cup 2022 កម្ពុជាស្ថិតក្នុងពូល K ជាមួយជប៉ុន និងកូរ៉េខាងជើង
CAMSOC-ភ្នំពេញ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានស្ថិតក្នុងពូល K ជាមួយក្រុមខ្លាំងជប៉ុន និងកូរ៉េខាងជើង នៃវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាយុក្រោម២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី (AFC U-23 Asian Cup 2022)។ នេះ បើតាមលទ្ធផលនៃការចាប់ឆ្នោតនារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅទីស្នាក់ការកណ្ដាលរបស់ខ្លួន នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំទ្វីបអាស៊ីនេះ មាន ៤២ក្រុមចូលរួម និងបែងចែកជា១១ពូល ដោយពូលនីមួយៗ មាន៤ក្រុម លើកលែងតែពូល F និងពូល K ដែលមានត្រឹម៣ក្រុមប៉ុណ្ណោះ ក្នុងមួយពូល។ ចំពោះការប្រកួតជម្រុះ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៣-៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខ ដើម្បីចម្រាញ់រកក្រុមខ្លាំង ឡើងទៅជុំចុងក្រោយ នៃពានរង្វាន់ AFC U-23 Asian Cup 2022 នៅប្រទេសអ៊ូបេគីស្ថាន ដែលគ្រោងប្រកួតពីថ្ងៃទី០១-១៩ ខែមិថុនា ឆ្នាំ២០២២។
គួរដឹងថា កាលពីឆ្នាំ២០១៩ ក្រុមយុវជន U-23 កម្ពុជា ធ្លាប់បានចូលរួម និងធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល H តែបានធ្លាក់ត្រឹមវគ្គជម្រុះ បន្ទាប់ពីចាញ់អូស្ដ្រាលី ៦-០, ចាញ់កូរ៉េខាងត្បូង ៦-១ និងស្មើក្រុមឆាយនីតៃប៉ិ ១-១ នៅពហុកីឡដ្ឋានជាតិ។ ពានរង្វាន់យុវជន U-23 ប្រចាំទ្វីបអាស៊ីនេះ បានបង្កើតដំបូង កាលពីឆ្នាំ២០១៣ ដោយរៀបចំរៀងរាល់២ឆ្នាំម្ដង ខណៈក្រុមជើងឯក៤សម័យកន្លងមក រួមមានក្រុម U23 អ៊ីរ៉ាក់ (ជើងឯកឆ្នាំ២០១៣), ជប៉ុន (ជើងឯកឆ្នាំ២០១៦), អ៊ូបេគីស្ថាន (ជើងឯកឆ្នាំ២០១៨) និងកូរ៉េខាងត្បូង (ជើងឯកឆ្នាំ២០២០)៕