សត្វត្មាតចំនួន ១២១ក្បាល ត្រូវបានកត់ត្រាក្នុងពេលជំរឿនសត្វត្មាតនៅកម្ពុជា

ការធ្វើជំរឿនសត្វត្មាតកម្ពុជា ធ្វើឡើងចំនួន៥ដងក្នុងមួយឆ្នាំគឺ នៅថ្ងៃទី១០ ខែមីនា – ថ្ងៃទី១០ ខែមិថុនា – ថ្ងៃទី២០ ខែមិថុនា – ថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី២០ ខែធ្នូ ជារៀងរាល់ឆ្នាំ។ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានធ្វើជំរឿងសត្វត្មាតទូទាំងប្រទេស នៅក្នុងទីតាំងអាហារដ្ឋានត្មាតចំនួន៤ គឺ អាហារដ្ឋានត្មាតស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង – អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ – អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ និងអាហារដ្ឋាន ត្មាតដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី។

លទ្ធផលនៃការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាបានកត់ត្រាវត្តមានសត្វត្មាតបានចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ក្បាល ត្មាតផេះ ៦៦ក្បាល និងត្មាតត្នោត ៣៥ក្បាល។ ដោយឡែកលទ្ធផលនៃការធ្វើជំរឿនកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងាររាប់ឃើញសត្វត្មាតចំនួន ៨២ក្បាល ក្នុងនោះមានត្មាតភ្លើង ១៣ក្បាល ត្មាតផេះ ៤២ក្បាល និងត្មាតត្នោត ២៧ក្បាល។

ការអង្កេតតាមដានពីប្រជាសាសស៏សត្វត្មាតដែលជិតផុតពូជនេះ និងបន្តធ្វើជារៀងរាល់ឆ្នាំដើម្បីតាមដាននិន្នាការប្រជាសាស្រ្ត និងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពអភិរក្ស។ សមាសភាពក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា រួមមាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជីវិតសត្វស្លាបអន្តរជាតិ(BirdLife) អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ(WWF) មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ(ACCB) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការជីវិតធម្មជាតិកម្ពុជា(NLC) ក្រុមហ៊ុន Rising Phoenix អង្គការCBGA ក្រុមហ៊ុនSVC Tour និង មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ(CBC)៕

ប្រភព៖ WCS

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online