ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចក្របីប្រជាពលរដ្ឋ
ខេត្តបាត់ដំបងៈ ដោយអនុវត្តតាម បទបញ្ជាផ្ទាល់ពី លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៨:៤៥នាទី នៅចំណុចរង្វង់មូលភ្ជាវ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ចុះប្រតិបត្តិការបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ អាន សំអាត ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅ ក្រុមទី ០២ ភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយអនុវត្តតាមដីកាបញ្ជាអោយចូលខ្លួនលេខ ៣២/២១ ដ.ប.ខ ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ របស់លោក ជួង សារ៉ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលពាក់ព័ន្ធនឹងករណីអំពេីលួច ( យកសត្វក្របី ) ដែលកេីតឡេីងកាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី នៅចំណុចអូរដៃអំពិលទឹក ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕