សម្ដេចតេជោ ហ៊ុន សែន បង្ហាញយុទ្ធសាស្ត្រអាទិភាព៤ ស្រោចស្រង់វិស័យទេសចរណ៍ពីវិបត្តិកូវីដ១៩

(ភ្នំពេញ)៖ ក្នុងសារលិខិតអបអរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវយុទ្ធសាស្ត្រអាទិភាពចំនួន ដែលធ្វើឈានទៅបើកសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិឡើងវិញ ជាជំហានៗ បន្ទាប់ពីបានផ្អាកអស់មួយរយៈដោយសារតែការវាយលុកពីជំងឺកូវីដ១៩។

ក្នុងសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វិស័យទេសចរណ៍ដែលជាវិស័យពឹងផ្អែកលើការធ្វើដំណើរបាននិងកំពុងទទួលរងផលប៉ះពាល់យ៉ាងដំណំពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ លើគ្រប់ផ្នែកទាំងអស់នៃខ្សែច្រវាក់ផ្គត់ផ្គង់។ ក្នុងកម្រិតពិភពលោកវិញ នៅឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះរហូតដល់ ៧៣% ដែលធ្វើឱ្យប៉ះពាល់ការងារផ្ទាល់ពី ១០០ ទៅ ១២០លាននាក់ និងការងារមិនផ្ទាល់ជាច្រើនរយលាននាក់ថែមទៀត។ ដោយឡែកនៅកម្ពុជា ចំនួនទេសចរអន្តរជាតិបានថយចុះរហូតដល់ ៨០.២% ប៉ះពាល់ការងារផ្ទាល់ជាង ១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត ហើយនិន្នាការនេះនឹងបន្តធ្លាក់ចុះតទៅទៀតក្នុងឆ្នាំ២០២១នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ជាមុំយុទ្ធសាស្ត្រគន្លឹះយ៉ាងម៉ឹងម៉ាត់ដាក់ចេញនូវគោលនយោបាយចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿនតាមគោលដៅកំណត់ បន្តជំរុញអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាលជាពិសេសវិធាន «៣-ការពារ ៣-កុំ» ដើម្បីជាមូលដ្ឋាននៃការបើកសកម្មភាពសេដ្ឋកិច្ចនិងសង្គមពេញលេញឡើងវិញជាជំហានៗ ក្នុងគន្លងប្រក្រតីភាពថ្មី និងការទទួលខុសត្រូវខ្ពស់។

ដើម្បីស្រោចស្រង់វិស័យទេសចរណ៍ពីវិបត្តិជំងឺកូវីដ១៩នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្រអាទិភាពចំនួន៤។ យុទ្ធសាស្ត្រទាំង៤នោះរួមមាន៖

១៖ យោងលើល្បឿននៃការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស កម្ពុជាជឿជាក់ថា គោលដៅទេសចរណ៍កម្ពុជាពិតជាធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរជាតិនិងអន្តរជាតិឡើងវិញ។ កត្តានេះ រួមផ្សំនឹងការទទួលយកនូវការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ដោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នឹងជំរុញឱ្យកម្ពុជាអាចបើកឡើងវិញជាជំហានៗនូវសកម្មភាពទេសចរណ៍ផ្ទៃក្នុងនិងអន្តរជាតិ ដោយតម្កល់សុខភាពសាធារណៈជាអាទិភាព។ ស្ថិតក្នុងភាពសុទិដ្ឋិនិយមនេះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ផ្នែកឯកជន និងភាគីពាក់ព័ន្ធនានា ត្រូវផ្តល់កិច្ចសហការគាំទ្រចំពោះការរៀបចំផែនការយុទ្ធសាស្ត្រ ក្នុងការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាពនាពេលខាងមុខ។

២៖ កន្លងមកវិស័យទេសចរណ៍បានបំពេញតួនាទីយ៉ាងសកម្ម ជាម៉ាស៊ីនអូសទាញកំណើនសម្រាប់វិស័យសេដ្ឋកិច្ច-សង្គមដទៃទៀត តាមរយៈឥទ្ធិពលមេគុណសេដ្ឋកិច្ចចាប់ពី ៤ ទៅ ៥ ដង និងមេគុណឥទ្ធិពលការងារដ៏ខ្ពស់ដោយការងារផ្ទាល់ ១ ក្នុងវិស័យទេសចរណ៍អាចបង្កើតការងារមិនផ្ទាល់ចំនួន ១.៥ (មួយកន្លះ)។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន យុវជន និងដៃគូ អភិវឌ្ឍជាតិនិងអន្តរជាតិ ចូលរួមជំរុញការបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឱ្យកាន់តែសម្បូរបែប តាមរយៈការដាក់ចុះនូវកម្មវិធីយុវជន និងធុរកិច្ចក្នុងវិស័យទេសចរណ៍កម្មវិធីជំរុញការបង្កើតថ្មី និងនវានុវត្តន៍ទេសចរណ៍ជនបទ ព្រមទាំងលើកកម្ពស់ការយល់ដឹងនិងកសាងសមត្ថភាពផ្នែកទេសចរណ៍ឌីជីថលដល់ថ្នាក់មូលដ្ឋាន ក្រោមការសម្របសម្រួលនិងដឹកនាំរបស់ក្រសួងទេសចរណ៍ និងក្រោមកិច្ចសហប្រតិបត្តិការពីអង្គការទេសចរណ៍ពិភពលោក សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍនានា។

៣៖ វិបត្តិកូវីដ-១៩ បានធ្វើឱ្យមានការចាកចេញពីការងារខ្សែសង្វាក់ផ្គត់ផ្គង់ទេសចរណ៍គ្រប់កម្រិតត្រូវផ្អាកស្ទើរទាំងស្រុង ដែលទាំងនេះបានបង្កជាឧបសគ្គនៃដំណើរការស្តារឡើងវិញនៃវិស័យទេសចរណ៍នាពេលខាងមុខ។ ក្នុងន័យនេះ សម្ដេចតេជោបានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវសហការកាន់តែសកម្មថែមទៀតជាមួយក្រសួងទេសចរណ៍ បណ្តុះបណ្តាលជំនាញបន្ថែម និងជំនាញថ្មីដល់យុវជន ស្របតាមយន្តការអភិវឌ្ឍន៍ជំនាញទេសចរណ៍ប្រកបដោយចីរភាព។

៤៖ បន្ទាប់ពីវិបត្តិកូវីដ-១៩ សម្ដេចនាយករដ្ឋមន្ត្រីបានបង្ហាញការយល់ឃើញថា និន្នាការទេសចរណ៍នឹងមានសភាពខុសពីមុន ពោលគឺការគិតគូរអំពីសុវត្ថិភាពនិងផាសុកភាពនឹងក្លាយជាកត្តាអាទិភាពក្នុងការសម្រេចចិត្តជ្រើសរើសគោលដៅធ្វើដំណើរកម្សាន្ត។ ក្នុងន័យនេះ សម្ដេចតេជោបានលើកទឹកចិត្ត និងគាំទ្រនូវការដាក់ចុះយុទ្ធនាការ «កម្ពុជាសុវត្ថិភាព ឬ Cambodia safe» ដើម្បីជាមុំយុទ្ធសាស្រ្តទាក់ទាញទេសចរផ្ទៃក្នុងនិងអន្តរជាតិក្នុងដំណាក់កាលនៃការបើកឡើងវិញ និងពេលអនាគត។

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯក យុវជន និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ចូលរួមត្រៀមលក្ខណៈចាប់ផ្តើមបើកឡើងវិញ នូវសកម្មភាពទេសចរជាតិ-អន្តរជាតិ ជាជំហានៗនាពេលខាងមុខផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online