អ្នកជំនាញវិស័យទេសចរណ៍ សាទរចំពោះការអនុញ្ញាតឱ្យប្រជាពលរដ្ឋឈប់សម្រាក និងដើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ ក្នុងឱកាសឈប់សម្រាករយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៥, ៦ និង៧ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យពលរដ្ឋចេញដើរកម្សាន្ត នៅតាមទំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ក្នុងស្រុក និងជួយដល់អាជីវកម្មទេសចរណ៍ នៅមូលដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។

សម្តេចតេជោលើកឡើងបែបនេះ ធ្វើឡើងតាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ។

សម្តេចបានលើកឡើងថា បើទោះបីជារាជរដ្ឋាភិបាល សម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ ដើម្បីទប់ស្កាត់ការចម្លង នៅតាមវត្តអារាមក៏ពិតមែន តែមន្រ្តីរាជការ កម្មករ កម្មការនី បុគ្គលិកនៅតាមក្រុមហ៊ុន នៅតែបានឈប់សម្រាកក្នុងឱ្យកាសបុណ្យភ្ជុំបិណ្ឌ និងដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ដោយអនុវត្តនូវវិធានសុខាភិបាល។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណខ្ញុំ សូមបញ្ជាក់ថា យើងនៅតែបន្តឱ្យមន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុននានា បានឈប់សម្រាកទៅតាមអនុក្រឹត្យ ដែលមានចែងក្នុងការឈប់សម្រាកនៅថ្ងៃភ្ជុំបិណ្ឌ យើងនៅតែបន្តឱ្យបងប្អូនបានធ្វើដំណើរនៅទីនេះ នៅទីនោះ ជាពិសេសលើកទឹកចិត្តឱ្យទៅធ្វើការកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍នៅតាមសហគមន៍ ដែលមានការរៀបចំបានល្អ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង បានស្គាល់នូវប្រទេសខ្លួនឯង បានស្គាល់នូវរមណីយដ្ឋានទេសចរណ៍ធម្មជាតិរបស់យើង»។

ជុំវិញបញ្ហានេះដែរ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានសាទរ ចំពោះការសម្រេចរបស់សម្តេចតេជោ ដែលលើកទឹកចិត្តពលរដ្ឋចេញដើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាការជំរុញកំណើនទេសចរណ៍ក្នុងស្រុក ដើម្បីជួយដល់អាជីវកម្មទេសចរណ៍នានា ឱ្យទទួលបានចំណូល និងធ្វើឱ្យសេវាកម្មទេសចរណ៍របស់កម្ពុជាកាន់តែរស់រវើក។

លោកស្រីបន្ថែមថា ការបើកឱ្យពលរដ្ឋខ្មែរ ចេញដើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ អាចក្លាយជាឱកាសមួយ ក្នុងការទាក់ភ្នែកភ្ញៀវទេសចរបរទេស ឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន នៅពេលកម្ពុជាគ្រោងអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ មកដើរកម្សាន្តនៅចុងឆ្នាំផងដែរ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះបញ្ជាក់បន្ថែមថា «តាមរយៈការគ្រប់គ្រងនៅតាមខេត្តនីមួយៗ យើងឃើញថា អាជ្ញាធរគាត់មិនបណ្តោ យឱ្យមានការជួបជុំនៅកៀកគ្នាពេកទេ ម្ចាស់អាជីវកម្មនៅតាមមូលដ្ឋាន គាត់មានការណែនាំរួចហើយ ត្រូវតែទទួលភ្ញៀវបែបណា កម្រិតស្តង់ដារនៃវិធានសុវត្ថិភាពមានអស់ហើយ អីចឹងយើងគោរពទៅតាមហ្នឹងទាំងអស់គ្នាទៅមិនជាបង្កហានិភ័យទៅ ដល់ការបើកប្រទេសទេ។ ការចេញដើរក៏ជាការទាក់ទាញភ្នែកពីទេសចរបរទេសផងដែរ ដោយមើលឃើញថា នៅក្នុងស្រុកយើងនៅតែមានការចេញដើរ ធ្វើឱ្យសេវាកម្មទេសចរណ៍នៅរស់រវើក។ បើស្ងាត់ស្ងៀមពេក នៅសុខៗយើងបើកប្រទេស គេអត់ដឹងថា សេវាកម្មយើងនៅមានប៉ុណ្ណា»។

លោកស្រីរំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើង ក្នុងអំឡងពេលឈប់សម្រាកនេះ នៅតាមតំបន់ទេសចរណ៍ភូមិភាគឦសាន និងតំបន់ឆ្នេរសមុទ្រ តែយ៉ាងតំបន់មួយចំនួន ដែលនៅតែមានការរិតត្បិតដូចនៅសៀមរាប នឹងមិនកើនឡើងទេ។

លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារបានលើកឡើងថា ជាការល្អនៅពេលដែលមានអ្នកចេញដើរកម្សាន្តកាន់តែច្រើន និងផ្តល់ផលល្អដល់វិស័យទេសចរណ៍ ដែលកំពុងតែរងគ្រោះដល់ដោយសារជំងឺកូវីដ១៩ ប៉ុន្តែអ្នកដើរកម្សាន្តត្រូវគោរពគោលការណ៍របស់ក្រសួងសុខាភិបាល។

ដោយឡែកចំពោះលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ថាក្នុងអំឡុងពេលនេះ ពលរដ្ឋខ្មែរគួរផ្អាកក្នុងការដើរកម្សាន្ត រយៈពេលខ្លីសិន ដោយសារតែរដ្ឋាភិបាលកំពុងសិក្សាបើកទទួលភ្ញៀវទេសចរឡើងវិញ។ លោកសង្កេតឃើញថា មានប្រជាជនខ្មែរច្រើនណាស់ ដែលខ្វះការប្រុងប្រយ័ត្ន ក្នុងការពារ ហេតុនេះបើការចេញដើរកម្សាន្តនាឱកាសនេះ បង្ករការឆ្លងកាន់តែច្រើននោះ នឹងប៉ះពាល់ដល់ផែនការបើកទទួលភ្ញៀវទេសនៅចុងឆ្នាំនេះ។

«បើយើងមិនអាចគ្រប់គ្រងរយៈពេលនេះបានទេ វាអាចក្លាយជាហានិភ័យ វាអាចទៅជាខកផែនការទៅអនាគតវិញទេ។ ខ្ញុំយល់ពីទឹកចិត្តសម្តេច ព្រោះលោកមិនអាចបិទសិទ្ធិជាប្រជាជនក្នុងការដើរកម្សាន្តទេ តែប្រជាជនខ្លួនឯងទេ ត្រូវរក្សាបីកុំ បីការពារ។ ក្នុងកាលៈទេសៈពេលនេះ បងប្អូនទាំងអស់គ្នា ជាពិសេសប្រជាជនទាល់ តែមានការយល់យោគ មានការអត់ធ្មត់រក្សាវិធានការពារឱ្យបានខ្ពស់មែន ដើម្បីជាប្រយោជន៍ធំសម្រាប់ប្រទេសជាតិទៅមុខ» លោក ធួន ស៊ីណាន គូសបញ្ជាក់បន្ថែម។

ក្នុងឱកាសឈប់សម្រាក៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ដើរកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិ។ កំពតជាខេត្តមួយ ដែលមានទីតាំងអេកូទេសចរណ៍ច្រើន ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា នៅខេត្តកំពត មានរមណីយដ្ឋានចំនួន២១ ក្នុងនោះរមនីយដ្ឋានចំនួន១១ ភ្ញៀវនិយមទៅកម្សាន្តបានត្រៀមលក្ខណៈរួចហើយ ដើម្បីទទួលភ្ញៀវទេសនានា ឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។

លោកបានបញ្ជាក់ថា «តាមរយៈការដាក់ចេញវិធានការថ្មីៗ នៅខេត្តកំពតយើងនេះ យើងបានបង្កើតក្រុមការងារបី ចុះទៅពង្រឹងការរៀបចំ នូវតាមដ្ឋានអាជីវកម្មសហគមន៍ទេសចរណ៍ និងរមណីយដ្ឋានរបស់យើង ដោយសាររឿងហ្នឹងយើងបានធ្វើច្រើនហើយ យើងនឹងបញ្ជូនមន្រ្តី និងក្រុមការងាររបស់យើងបន្ថែម ចុះពង្រឹងការអនុវត្តបន្ថែម»៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online