ប្រជាពលរដ្ឋស្រុកប្រាសាទបាគង ដែលលំនៅឋានរងគ្រោះខ្យល់កន្រ្តាក់ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ លោក លី គឹមហេង ប្រធានការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាព នៃសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង រួមនឹងសហការី បាននាំយកអំណោយមនុស្សធម៌មួយចំនួន ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ៥គ្រួសារ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ កាលពីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះគ្រួសាររលំចំនួន១គ្រួសារមាន៖ អង្ករ៣០គីឡូក្រាម, មុង១, ភួយ១, សារុង១, ក្រមា១, កន្ទេល១, ទឹកត្រី១យួរ, មី១កេស, ត្រីខ១យួរ, ស័ង្កសី១៦សន្លឹក, និងថវិកា ២សែនរៀល និង គ្រួសាររបើកដំបូលផ្ទះចំនួន៤គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម , មុង១, ភួយ១, សារុង១, ក្រមា១, កន្ទេល១, ទឹកត្រី១យួរ, មី១កេស, ត្រីខ១យួរ, ស័ង្កសី១០សន្លឹក និងថវិកា ៨ម៉ឺនរៀល។

មានប្រសាសន៍ក្នុងឱកាសនោះ លោក លី គឹមហេង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលឯកឧត្តមតែងគិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និង សូមចូលរួមសោកស្តាយ ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោក លី គឹមហេង មានប្រសាសន៍ទៀតថា ចំពោះអំណោយមនុស្សធម៌ដែលបាននាំយកមកប្រគល់ជូននាពេលនេះ ថ្វីត្បិតតែមានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ជាមួយគ្នានោះដែរលោក លី គឹមហេង បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ ឲ្យបានជាប់ជានិច្ច ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ៕

ប្រភព៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online