លោក Keisuke Honda៖ បើយើងរីករាយជាមួយ​លទ្ធ​ផល​ និង​ទម្រង់​លេង​បែប​នេះ តើ​ពេល​ណា​ទើប​យើង​អាច​លេង​ឈ្នះ​ក្រុម​ខ្លាំងៗ

CAMSOC-ភ្នំពេញ៖ លោក Keisuke Honda អ្នកចាត់ការទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បង្ហាញ​អា​រម្មណ៍​ខក​ចិត្ត​នឹង​ទម្រង់​លេង​របស់​ក្រុម ក្នុង​ការ​ប្រ​កួត​ជា​មួយ​កោះហ្គាំ នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup China 2023 ជើងទី១ កាលពីយប់មិញ ទោះ​បី​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​កោះ​របស់​ស​ហ​រដ្ឋ​អា​មេ​រិក​នេះ​ក៏​ដោយ។

អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជាខាងលើ បាន​បញ្ជាក់​ថា «ខ្ញុំ​គួរ​តែ​សប្បាយ​ចិត្ត​ព្រោះ​យើ​ងឈ្នះ តែខ្ញុំបែរជាខកចិត្តទៅវិញ ព្រោះ​ទម្រង់​លេង​យើង គឺ​មិន​ល្អ​ដូច​ពេល​យើង​លេង​ជាមួយក្រុមខ្លាំងៗ ទោះ​ពេល​នោះ​យើង​ចាញ់​មែន តែខ្ញុំសប្បាយចិត្តជាង ព្រោះ​យើង​មាន​ទម្រង់​លេង​ប្រសើរ​ជាង​នេះ»។

អតីតសមាជិកក្រុមជម្រើសជាតិជប៉ុនដដែល សង្កត់​ធ្ងន់​ថា «បើ​យើង​រីក​រាយ​ជា​មួយ​លទ្ធ​ផល​នេះ ជាមួយទម្រង់លេងបែបនេះ តើ​ពេល​ណា​ទើប​យើង​អាច​លេងឈ្នះក្រុមខ្លាំងៗ ក្នុងតំបន់ដូចជាវៀតណាម ឬថៃ​បាននោះ?»។

លោកបន្ដថា «ការអភិវឌ្ឍន៍កាយសម្បទា និងបច្ចេកទេស ជា​ចំ​ណុច​ដែល​កី​ឡា​ករ​ភាគ​ច្រើន​ផ្ដោត​លើ ក៏​ដូច​គ្នា​ យើងត្រូវពង្រឹងផ្នែកទាំងនោះ ប៉ុន្ដែ​អ្វី​ដែល​ពិ​សេស​ជាង​នោះ យើងត្រួវយល់ដឹងពីការប្រើប្រាស់ តាក់តិច (Tactic) ដែល​ជា​កត្ដាដែលធ្វើឲ្យក្រុមយើង​អាច​ប្រ​កួត​ប្រ​ជែង​ក្រុម​ខ្លាំងៗបាន»។

ការលើកឡើងរបស់សមាជិកក្លឹប FK Suduva នៃលីគ​កំពូល​ប្រទេស​លី​ទុយ​អានីនេះ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះកោះហ្គាំ ១-០ ក្នុងជំនួបជើងទី១ នៅប្រទេសបារ៉ែន កាល​ពី​យប់រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃអាទិត្យនេះ គ្រាដែលកម្ពុជា ត្រូវជួបកោះហ្គាំ ម្ដង​ទៀត​នៅ​ជើង​ទី២ នារាត្រីថ្ងៃទី១២ ខែតុលា សប្ដាហ៍ក្រោយ ដើម្បី​កាត់​សេចក្ដី​រកក្រុម​ខ្លាំង​ឡើងវគ្គចែកពូលជុំទី៣ នៃ​ពាន​រង្វាន់បាល់​ទាត់​ជើង​ឯក​ទ្វីប​អាស៊ី​នេះ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online