នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត បញ្ចុះបឋមសិលា បើកការដ្ឋានសាង សង់មជ្ឈមណ្ឌលផលិតផែនទី

នាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារ ជាតិបានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់មជ្ឈមណ្ឌល ផលិតផែនទី ដែលជាជំនួយឧបត្ថម្ភរបស់ក្រសួងការពារជាតិ សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ស្ថិតក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការសួងការពារជាតិ និងវត្តមាន ឯកឧត្តម ចាង ជៀន ( CHANG JIAN ) ទីប្រឹក្សាអមស្ថានឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមា និតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ឧត្តមសេនីយ៍ឯក ទេព ចម្រើន នាយក នាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ បានមានប្រសាសន៍ឲ្យដឹងថា ៖ ការបញ្ចុះបឋមសិលាថ្ងៃនេះជាសមិទ្ធផលថ្មីមួយទៀតដែលក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានពីជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ក្រសួងការពារជាតិ សាធារណរដ្ឋប្រជាមានិតចិន – អនុវត្តតាមកិច្ចព្រមព្រៀងវាស់វែងគូរផែនទី និងសេវានាំផ្លូវរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិ សារធារណរដ្ឋប្រជាមានិតចិន ពីឆ្នាំ២០១៨កន្លងមក ។ តាមពិតទៅសំណង់មជ្ឈមណ្ឌលផលិតផែនទីនេះ ត្រូវចាប់ផ្តើមដំណើរ ការសាងសង់តាំងពី ឆ្នាំ២០២០ កន្លង មកម្លេះ ប៉ុន្តែដោយបញ្ហាវិបត្តិសកលនៃជំងឺកូវីដ-១៩ ធ្វើអោយការសាងសង់ត្រូវបានពន្យាររហូតដល់ពេលនេះ។

ឯកឧត្តម ឯល វ៉ាន់សារ៉ាត បានមាន ប្រសាសន៍ថា នេះជាមោទនភាពបំផុតរបស់នាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិកម្ពុជា ដែលទទួលបាននូវមជ្ឈមណ្ឌលផលិតផែនទី ដែលជាយូរយារណាស់មកហើយ កងយោធពលខេមរភូមិន្ទពុំធ្លាប់មាន។ ឯកឧត្តម បានបញ្ជាក់ថា ពេលស្ថិតក្រោមអាណានិគមបារាំង ឆ្នាំ១៨៩៩ រដ្ឋាភិបាលបារាំងបានបង្កើតក្រុមភូមិសាស្ត្រមួយសម្រាប់ឥណ្ឌូចិន ហើយអោយឈ្មោះថា (សេវាភូមិសាស្ត្រឥណ្ឌូចិន) ដែលស្ថិតនៅទីក្រុងដាឡាត់ អតីតវៀតណាមខាងត្បូង និងមានរោង ពុម្ពនៅទីនោះ។ លុះដល់ឆ្នាំ១៩៥៥ ក្រោយពីប្រទេសកម្ពុជា ទទួលឯករាជ្យថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រុមភូមិ សាស្ត្រឥណ្ឌូចិនក៏បានរំលាយខ្លួន ហើយប្រទេសនីមួយៗបង្កើតស្ថាប័នភូមិសាស្ត្ររៀងៗខ្លួន ដោយឡែកកម្ពុជាស្ថិតក្រោមការដឹកនាំ របស់រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចជាតិ ឈ្មោះថា ក្រុមភូមិសាស្ត្រខ្មែរ។ លុះដល់ខែមិថុនា ឆ្នាំ១៩៥៦ នាយកដ្ឋានភូមិសាស្ត្រ ផ្ទេរអោយក្រសួងការពារជាតិគ្រប់គ្រងវិញឈ្មោះថា នាយកដ្ឋានភូមិសាស្ត នៃកងយោធពលខេមរភូមិន្ទ ប៉ុន្តែមិនទាន់មានរោងពុម្ពផលិតផែនទីផ្ទាល់ខ្លួននៅ ឡើយទេ។

តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ឯកឧត្តម ឯល វ៉ាន់សារ៉ាត បានផ្ដាំផ្ញើ ដល់ក្រុមវិស្វករ អ្នកបច្ចេកទេស ជំនាញ ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណា សាង សង់អគារនេះប្រកបដោយគុណភាពរឹងមាំ អាចប្រើប្រាស់យូរអង្វែង និងសហការឱ្យបានល្អជាមួយនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ ធានាបានលទ្ធផលល្អ តាមការកំណត់នៃគម្រោងផែនការសាងសង់។

សូមបញ្ជាក់ថា អគារមជ្ឈមណ្ឌល ផលិតផែនទីនេះ សង់ឡើងអំពីថ្ម ដែលមាន៣ជាន់ តាមគម្រោងផែនការនឹងបញ្ចប់ការសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online