កងទ័ពមួកខៀវកម្ពុជាចូលរួមកម្ទេចគ្រាប់កែច្នៃនៅប្រទេសម៉ាលី

កងកម្លាំងរក្សាសន្តិភាពកម្ពុជា បានចូលរួមកម្ទេចគ្រាប់កែច្នៃដោយបានជោគជ័យជាច្រើនកន្លែង ដែលក្រុមឧទ្ទាមបានដាក់នៅតាមផ្លូវ ដើម្បីបំផ្ទុះរថយន្តដឹកទំនិញ ឬអ្នកថ្មើជើង ក៏ដូចជារថយន្តរបស់ មន្ត្រីអង្គការសហប្រជាជាតិជាដើម។

នេះបើយោងតាមការចេញផ្សាយលើព្រឹត្តិប័ត្រព័ត៌មានរបស់អង្គការសហប្រជាជាតិមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ការគំរាមកំហែងនៃអាវុធជាតិផ្ទុះ ឬគ្រាប់កែច្នៃនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់ជនស៊ីវិល នៅប្រទេសម៉ាលី។

ចាប់ពីខែកក្កដា ឆ្នាំ២០១៣ រហូតដល់ខែសីហាឆ្នាំ ២០២១ មានឧប្បត្តិហេតុជាងចំនួន១៣០០ ទាក់ទងនឹងការបំផ្ទុះគ្រាប់បែក បានសម្លាប់មនុស្សជាង៣៧០នាក់ និងរបួសជាង៧៤០នាក់។ នៅឆ្នាំ២០២០ ជនស៊ីវិលមានចំនួនប្រហែល៤៩%នៃជនរងគ្រោះដោយសារគ្រាប់កែច្នៃ ដែលភាគច្រើនជាស្ត្រីនិងកុមារ។

ទាក់ទិនទៅនឹងការងារខាងលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យដឹងនៅថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺបានបញ្ជូនកងកម្លាំងទ័ពមួកខៀវកម្ពុជា ចំនួន៨លើករួចមកហើយ ក្នុងនោះ គឺមានកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងកងវិស្វកម្មព្រលានយន្តហោះ។ កងកម្ទេចគ្រាប់មិនទាន់ផ្ទុះតែងតែចុះអនុវត្ត កម្ទេចគ្រាប់កែច្នៃ ឬការបង្កៃគ្រាប់នៅតាមដងផ្លូវ ពីក្រុមពួកឧទ្ទាមជានិច្ច និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

កាលពីខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានប្រែក្លាយពីប្រទេសធ្លាប់តែទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ទៅជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំងជាបន្តបន្ទាប់ ចូលរួមបេសកកម្មថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ដែលកំពុងជួបប្រទះនឹងវិបត្តិនៃភ្លើងសង្រ្គាម។

តាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ នាខែកក្តដា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណាត់ ថ្នាក់លេខ២៧ លើ១២២ប្រទេសបរិច្ចាគកងកម្លាំង លេខ១៣ក្នុងការបញ្ជូនកងកម្លាំងនារី ដោយឡែកក្នុងសហគមន៍ អាស៊ាន កម្ពុជាទទួលចំណាត់ថ្នាក់លេខ២។ រហូមដល់បច្ចុប្បន្ននេះ កម្ពុជាបញ្ជូនកម្លាំងជាង៥ពាន់៧រយនាក់ហើយ ចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online