សេចក្តីបំភ្លឺចំពោះរូបភាពបុរសស្លៀកពាក់ឯកសណ្ឋានឈុតនគរបាលជាតិច្រៀងត្រាប់នៅក្នុងបណ្តាញសង្គមTikTok ជាហេតុនាំឱ្យមានការភាន់ច្រឡំពីមជ្ឈដ្ឋានទូទៅ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូន សាធារណជន អ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ក្នុងពេលថ្មីៗ​នេះ មានការបង្ហោះរូបភាពវីដេអូនៅក្នុងបណ្តាញសង្គម TikTok ដែលរូបភាពនោះគឺជារូបភាពបុរស​ម្នាក់ស្លៀកពាក់ឯកសណ្ឋាន(ឈុតនគរ​បាលជាតិ)ច្រៀងត្រាប់តាមបទចម្រៀងក្នុងបណ្តាញសង្គម TikTok ដោយរូបភាពនិងខ្លឹមសារគាត់ធ្វើត្រាប់នេះ ជាហេតុនាំឱ្យមាន​ការភាន់ច្រឡំពីមហាជនទូទៅ ពិសេសអ្នកនិយម​ប្រើប្រាស់បណ្តាញសង្គមTikTok ។

បន្ទាប់ពីបានឃើញនូវរូបភាពវីដេអូក្នុងបណ្តាញសង្គម Tiktok បែបនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង បានចាត់តាំងឱ្យធ្វើការស្រាវ​ជ្រាវចំពោះរូបភាពនេះ ហើយនៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២១ នេះសមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវនិងរកឃើញបុរសនោះគឺ​ឈ្មោះ ផាន់ សម្បត្តិ អាយុ ៣៤ឆ្នាំ រស់នៅភូមិសំ​រោងតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង គាត់​មានមុខរបរជាប្រជាការពារឃុំនរា ស្រុកសង្កែ ។

តាមការសាកសួរបំភ្លឺ រូបគាត់បានសារភាពថា គាត់ពិតជាបានផលិតរូបភាពជាវីដេអូ ដោយច្រៀងត្រាប់តាមបទ(សុំច្បាប់ប្រពន្ធចូលខារ៉ាអូខេ) ដោយបានស្លៀកពាក់ឯកសណ្ឋានឈុតប្រជាការពារ ស្រដៀងនឹងឯកសណ្ឋានឈុតនគរបាលជាតិរួចផុស Poste ចូលក្នុងបណ្តាញសង្គម TikTok ក្នុងរយៈពេលកន្លងមកដើម្បីជាការកំសាន្តសប្បាយផងនិងចង់ឱ្យមានការចាប់អារម្ម​ណ៍ពីអ្នកទស្សនាផងតែប៉ុណ្ណោះ។

ដោយសារការស្លៀកពាក់ឯកសណ្ឋានបែបនេះ បានបង្កឱ្យមានការភាន់ច្រឡំ ពីមជ្ឈដ្ឋានមហា​ជនទូទៅ ពិសេស អ្នកប្រើប្រាស់បណ្តាញសង្គម​TikTok និងមានការវាយតម្លៃក្នុងហេតុផល (អវិជ្ជមាន)ចំពោះមន្រ្តីនិងអង្គភាពនគរបាលជាតិ នៅពេលនេះសមត្ថកិច្ចនគរបាលបានសម្រេចដកហូតយកឯកសណ្ឋានឈុតនគរបាលជាតិ​នោះមករក្សាទុកនិង បានធ្វើកំណត់ហេតុអប់រំណែនាំកុំឱ្យគាត់ប្រើប្រាស់ឯកសណ្ឋានបែបនេះ ទៅអនុវត្តឬប្រព្រឹត្តិនូវសកម្មភាព ណាមួយដែល​នាំឱ្យប៉ះពាល់ដល់អង្គភាព ឬស្ថាប័ននគរបាលជាតិ ។

ទន្ទឹមនេះក៏សូមជម្រាបជូនថា ក្នុងរយៈពេលកន្លងទៅ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង បានជូនដំណឹងជាលាល័ក្ខអក្សរដល់គ្រប់អង្គភាពអធិការដ្ឋាននគរបាល ក្រុង ស្រុក ដែល មានប្រជាការពារ សូមបញ្ឈប់ការបំពាក់ ឬ​អនុញ្ញាតឱ្យគាត់ប្រើប្រាស់ ឯកសណ្ឋានណាដែលស្រដៀងគ្នាជាមួយនឹងឯកសណ្ឋាននគរ​បាលជាតិ នៅក្នុងពេលបំពេញភារកិច្ចប្រចាំថ្ងៃ ធ្វើបែបនេះ គឺដើម្បីចៀសវាងនូវការភាន់ច្រឡំ រវាងប្រជាការពារជាមួយមន្រ្តីនគរបាលជាតិពីមជ្ឈដ្ឋានមហាជននៅមូលដ្ឋាន ។

សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារ​ណជនពិសេសបងប្អូនអ្នកនិយមប្រើប្រាស់បណ្តា​ ញសង្គមមេត្តាជ្រាបនិងសូមកុំមានការភាន់ច្រឡំចំពោះរូបភាពជាឃ្លីបវីដេអូនៅក្នុងបណ្តាញសង្គមTikTokនេះសូមអរគុណ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online