ឃាត់ខ្លួនជនសង្ស័យម្នាក់មុខរបររត់ម៉ូតូកង់៣ ពីបទប្រើហឹង្សាមានស្ថានទម្ងន់ទោស

ខេត្តព្រះសីហនុ៖ នៅថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញរបស់ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ និងកម្លាំងរបស់ស្នងការដ្ឋាននគរបាល ខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់មុខរបររត់ម៉ូតូកង់៣ ពីបទប្រើហឹង្សាមានស្ថានទម្ងន់ទោសយកកាំបិតចាក់ជនជាតិចិនម្នាក់បណ្តាលអោយរងរបួសធ្ងន់ធ្ងរក្នុងក្រុងព្រះសីហនុ រួចហើយគេចខ្លួនទៅខេត្តសៀមរាប ។

សុំបញ្ជាក់ថា អំពើហឹង្សានេះកើតឡើងកាលពីយប់ថ្ងៃទី១០​ ខែ​តុលា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​០៤​និង​២១នាទី​ទៀបភ្លឺ នៅចំណុចទល់មុខសណ្ឋាគារស៉ីហ៊ូ​ ស្ថិតនៅក្រុម២​ ភូមិ១​ សង្កាត់លេខ៣​ ក្រុងព្រះសីហនុ។ ដើមហេតុ ជនរងគ្រោះឈ្មោះ CHEN JIALI​ ភេទ ប្រុស​ អាយុ​២៩ឆ្នាំ​ ជនជាតិចិន បានជួលម៉ូតូកង់បីជិះជាមួយមិត្តស្រីចេញពីឆ្នេរអូឈើទាល មកដល់ចំណុចកើតហេតុ ក៍កើតមានជម្លោះជាមួយអ្នកបើកម៉ូតូកង់បី ក្នុងពេលនោះអ្នកបើកម៉ូតូកង់៣ បានចាក់ទៅលើជនរងគ្រោះចំពោះផ្នែកខាងឆ្វេង​បណ្តាលអោយរងរបួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី បច្ចុប្បន្នកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យថៃខាងក្នុងក្រុងព្រះសីហនុ បន្ទាប់មកជនសង្ស័យបានគេចខ្លួនទៅខេត្តសៀមរាប ។

ក្រោយការស្រាវជ្រាវតាមជំនាញ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៦និង០០ នាទីល្ងាច កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ និងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ថង សម្បត្តិ អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ នៅចំណុចបេនឡានក្រុង បុរីសៀងណាំ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online