សម្តេចតេជោ ប្រកាសផ្តល់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន២០ម៉ឺន ដូសជូនរដ្ឋាភិបាលវៀតណាម ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះបានប្រកាសផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ចំនួន២០ម៉ឺនដូស ជូនរដ្ឋាភិបាលវៀតណាម ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានចាត់តាំងលោកជំទាវ ឱ វណ្ណឌីន តំណាងដ៏ខ្ពង់ ខ្ពស់របស់សម្តេច រៀបចំពិធីប្រគល់វ៉ាក់សាំងជូនរដ្ឋាភិបាលវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែតុលាខាងមុខនេះ នៅព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្ត ស្វាយរៀង។

សូមជំរាបថា ការសម្រេចផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនរដ្ឋាភិបាល ប្រទេសវៀតណាមខាងលើនេះ គឺជាការបង្ហាញនូវសមានចិត្តមនុស្សធម៌ សប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខភាពនិងសុខមាលភាព ប្រជាពល រដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់។ ការផ្ដល់វ៉ាក់សាំងជូនរដ្ឋាភិបាលវៀតណាមនៅពេលនេះ នឹងសំដៅការលើកកម្ពស់ផ្នែកសុខុមាល ភាពកាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនវៀតណាម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online