មនុស្សចំនួន៥នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត នៅខេត្តបាត់ដំបង

សមត្ថកិច្ចបានអោយដឹងថាហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៥និង១៥នាទីព្រឹក នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតនៅចំណុច ក្រុមទី០៧ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចខេត្តបាត់ដំបងបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត១ គ្រឿងម៉ាក ហ៊ីណូ ធុនដឹកជញ្ជូនធំ ពាក់ផ្លាកលេខកំពង់ឆ្នាំង 3A-1566 អ្នកបើកបរឈ្មោះ មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) និង រថយន្ត០១គ្រឿង ម៉ាកនីសសាន់ធុនដឹកទំនិញតូច ពាក់ផ្លាកលេខបាត់ដំបង 2B-2211 អ្នកបើកបរឈ្មោះ មិនស្គាល់អត្តសញ្ញាណ (ស្លាប់) និង អ្នករួមដំណើរចំនួន០៥នាក់(ស្លាប់០៤នាក់)។

សមត្ថកិច្ចបន្តថា ករណីនេះនេះបណ្ដាលអោយមនុស្សស្លាប់ ០៥នាក់ប្រុស របួសធ្ងន់០១នាក់ប្រុស បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ។

ក្រោយពីកើតហេតុកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និង អធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី ចុះពិនិត្យទីកន្លែងកើតហេតុ និង ដកហូតវត្ថុតាង រថយន្ត២គ្រឿង។

តាមការពិនិត្យកន្លែងកើតហេតុ រថយន្តម៉ាកហ៊ីណូ បានបើកបរពីទិសខាងកើត ទៅទិសខាងលិច(ភ្នំពេញទៅបាត់ដំបង) ច្រាសទិសនឹងរថយន្តម៉ាកនីសាន់ ពេលមកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាតែម្តង ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online