ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បើកកិច្ចប្រជុំជាមួយក្រុមហ៊ុនវិស្សមកាលតារាសាគរ ដើម្បីត្រៀមទទួលទេសចរណ៍វ៉ាក់សាំង

(កោះកុង)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនវិស្សមកាលតារាសាគរ ដើម្បីត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់វិស្សមកាលតារាសាគរ នាចុងខែវិច្ឆិកាខាងមុខនេះ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម ឃឹម ច័ន្ទឌី អភិបាលរងខេត្តកោះកុង តំណាងក្រុមហ៊ុនវិស្សមកាល តារាសាគរ, ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចកម្ពុជា តំណាងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា, ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀតផងដែរ។

លើកឡើងក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំលម្អិតពីផែនការរបស់រាជរដ្ឋាភិបាល ក្នុងការត្រៀមបើកដំណើរការទទួលទេសចរណ៍វ៉ាក់សាំង ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ ពីប្រភពទីផ្សារដែលមានសក្តានុពល និងមានហានិភ័យទាប និងការត្រៀមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាពតាមគន្លងប្រក្រតីភាពថ្មី ស្របតាមទស្សនទាន «ប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព» ដល់តំណាងក្រុមហ៊ុន និងមន្ត្រីជំនាញ នៅក្នុងតំបន់វិស្សមកាលតារាសាគរ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំដល់ក្រុមហ៊ុនវិស្សមកាលតារាសាគរ ត្រូវខិតខំពង្រីកសេវាកម្មរបស់ខ្លួន ឱ្យបានកាន់តែសំបូរបែបបន្ថែមទៀត ដើម្បីអាចទាក់ទាញ ភ្ញៀវទេសចរមកទស្សនាឱ្យបានកាន់តែច្រើន ជាមួយនឹងសេវាកម្មល្អ និងមានតម្លៃសមរម្យ ដែលមិនត្រឹមតែទទួលនូវភ្ញៀវទេសចរអន្តរជាតិនោះទេ ភ្ញៀវទេសចរផ្ទៃក្នុង ក៏អាចមកសម្សាន្តកន្លែងដែលមានផាសុខភាពនេះផងដែរ ខណៈពេលបច្ចុប្បន្ននេះភ្ញៀវទេសចរផ្ទៃក្នុងក៏ពុងតែចាប់ផ្តើមធ្វើដំណើរកម្សាន្ត តាមតំបន់គោលដៅទេសចរ ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ស្របជាមួយនឹងការត្រៀមទទួលទេសចរវ៉ាក់សាំង ក៏មិនត្រូវភ្លេចជាដាក់ខាតនូវការខិតខំពង្រឹងសុវត្ថិភាពក្នុងទីតាំងរបស់ខ្លួនតាមរយៈការ សំអាត និងបាញ់ថ្នាំសំលាប់មេរោគឱ្យបានញឹកញាប់ តាមគោលដៅក្នុងតំបន់របស់ខ្លួនឱ្យមានផាសុខភាព ស្របតាមផែនការ «ស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី» ដែលក្រសួងទេសចរណ៍និងក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសទទួលភ្ញៀវជាតិនិងអន្តរជាតិ ចាក់វ៉ាក់សាំងប៉ុណ្ណោះ។

បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញក្រុមហ៊ុនវិស្សមកាលតារាសាគរ ពន្លឿននូវការសាងសង់ព្រលានយន្តហោះអន្តរជាតិតារាសារគរនេះ ឱ្យបានឆាប់រហ័ស ដើម្បីឈានទៅបើកជើងហោះហើរក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិផងដែរ ពិសេសតភ្ជាប់ពីខេត្តសៀមរាបអង្គរ ដែលនឹងចាប់ផ្តើមដំណើរការ នៅក្នុងខែមករា ឆ្នាំ២០២១ខាងមុខនេះផងដែរ។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនសាងសង់ ក៏បានប្តេជ្ញាខិតខំធ្វើឱ្យបានឆាប់រួចរាល់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ខណៈបច្ចុប្បន្ននេះបានសាងសង់ជិតរួចរាល់ហើយ នៅតែហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងអគារអ្នកដំណើរតែប៉ុណ្ណោះ។ ព្រលាននេះនឹងត្រៀមបើកការទទួលជើងហោះហើរសាកល្បងនៅដើមខែមករា ឆ្នាំ២០២២ខាងមុខនេះ នឹងអាចបើកជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២២ ក្នុងនោះអគារនេះអាចមានលទ្ធភាពទទួលអ្នកដំណើរចេញ-ចូល និងឆ្លងកាត់ ជិត១លាននាក់ក្នុងមួយឆ្នាំផងដែរ។

ទាក់ទងនឹងតំបន់វិស្សមកាលតារាសាគរវិញ តំណាងក្រុមហ៊ុន ក៏បានសន្យាខិតខំពង្រីកសេវាកម្មក្នុងតំបន់របស់ខ្លួនឱ្យកាន់តែសំបូរបែប ជាមួយនឹងតម្លៃសមរម្យ ដែលអាចផ្តល់ភាពងាយស្រួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកសម្សាន្ត ស្របជាមួយនឹងទីតាំងដែលមានផាសុខភាពសម្រាប់ភ្ញៀវផងដែរ។

ជាមួយនោះតំណាងក្រុមហ៊ុន ក៏បានថ្លែងអំណរគុណ​ដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំទប់ស្កាត់កូវីដ១៩ និងបានជ្រើសរើសតំបន់តារាសាគរជាតំបន់បើកទេសចរណ៍វ៉ាក់សាំង។ ក្រុមហ៊ុនក៏បានប្ដេជ្ញាអនុវត្តគោលនយោបាយណែនាំ វិធានសុខាភិបាល និងវិធានទេសចរណ៍ ឱ្យក្លាយជាតំបន់ទេសចរណ៍វ៉ាក់សាំងដែលមានសុវត្ថិភាពដើម្បីផ្ដល់ទំនុកចិត្តដល់អ្នកទេសចរផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានប្រគល់ម៉ាស់ចំនួន ៥ម៉ឺន ដែលជាជំនួសរបស់ក្រុមហ៊ុន Wonderpass Technology ដល់ក្រុមហ៊ុនវិស្សមកាល តារាសាគរ ដើម្បីប្រើប្រាស់ ស្របពេលត្រៀមទទួលទេសចរវ៉ាក់សាំងនាពេលខាងមុខនេះ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online