ជម្រើសជាតិប្រដាល់សកល វី សុភ័ស និងទូច ដេវីដ បន្ថែមស្ថិតិឈ្នះដូចគ្នាក្នុង Ultimate Boxing Championship

CAMSOC-ភ្នំពេញ៖ អ្នកប្រដាល់ វី សុភ័ស និង ទូច ដេវីដ ដែលជាអ្នកប្រដាល់ជម្រើសជាតិដូចគ្នានោះ បានបន្ថែមស្ថិតិឈ្នះនៅក្នុងកំណត់ត្រាប្រកួតរបស់ខ្លួនដូចគ្នា នៅក្នុងព្រឹត្តិការណ៍កីឡាប្រដាល់សកល Ultimate Boxing Championship កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នៅសង្វៀននាយកដ្ឋានអង្គរក្ស។

អ្នកប្រដាល់ទាំង២រូបនេះ បានប្រកួតគ្នាក្នុងគូប្រជែងប្រាក់លានក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមដូចគ្នា។ ដេវីដបានយកឈ្នះលើអ្នកប្រដាល់ ម៉ាង ព្រហ្មម៉ាញ ដែលហាត់ក្នុងក្រុមជម្រើសជាតិដូចគ្នានោះ ដោយពិន្ទុ ខណៈអ្នកប្រដាល់ វី សុភ័ស បានយកឈ្នះលើអ្នកប្រដាល់ សែត សារឹត មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចំពោះគូប្រកួតក្នុងតំណែងគូពិសេសវិញនោះ អ្នកប្រដាល់ ថា រីវ៉ា មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ អំ ខេម ជាកីឡាករជម្រើសជាតិ ដែលជាការប្រកួតក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម។ ចំពោះការប្រកួតសម្រាប់គូធម្មតា អ្នកប្រដាល់ លីន សេងហុង មកពីក្លឹបបូរីរាជសីហ៍មានរិទ្ធ ប្រកួតឈ្នះអ្នកប្រដាល់ ឈុន ប្រាក់កាក់ មកពីក្លឹបតាឯកដំបងដែកមានរិទ្ធ ខេត្តព្រៃវែង ដោយពិន្ទុ ក្នុងប្រភេទទម្ងន់៥២គីឡូក្រាម។ ចំពោះអ្នកប្រដាល់ លី ប៊ុនហ៊ួ មកពីក្លឹបមីស្ទ័រលី ខេត្តសៀមរាប បានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ សយ ស៊ីថេង មកពីក្លឹបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ ឲ្យដួលសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ក្នុងប្រភេទទម្ងន់៥២គីឡូក្រាម។

ចំណែកឯការប្រកួតសម្រាប់ប្រភេទទម្ងន់៦០គីឡូក្រាម អ្នកប្រដាល់ លី វិបុលចំរើន មកពីក្លឹបមីស្ទ័រលី ខេត្តសៀមរាប ប្រកួតបានត្រឹមស្មើពិន្ទុគ្នាជាមួយអ្នកប្រដាល់ ឆន ឈៀងរ៉ា មកពីក្លឹបកងកេងមានរិទ្ធ ខេត្តបាត់ដំបង។ ចំពោះ ឌុន សំណាង មកពីក្លឹបអប់រំកាយ ខេត្តកំពត បានប្រកួតចាញ់អ្នកប្រដាល់ ញ៉ឹក ឈឿង មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិន្ទុ ដោយអ្នកទាំង២ ប្រកួតក្នុងប្រភេទទម្ងន់៦៤គីឡូក្រាម។

ថ្លែងក្រោយបញ្ចប់ការប្រកួតប្រចាំសប្តាហ៍នេះ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា បានកត់សម្គាល់ថា គុណភាពនៃការប្រកួតកាន់តែខ្ពស់ ដោយសារតែកីឡាករ មានការព្យាយាមហ្វឹកហាត់ និងមានការប្រកួតកាន់តែច្រើន។ កីឡាករគ្រប់រូប ទាំងការវាយលុក ទាំងការការពារ សុទ្ធតែធ្វើបានល្អដូចៗគ្នា។ លោកអគ្គលេខាធិការបន្តថា លោកកំពុងតែព្យាយាមទំនាក់ទំនងជាមួយទូរទស្សន៍នានា ដើម្បីសុំឲ្យគេបញ្ចូលកីឡាប្រដាល់សាកល ឲ្យមាននៅក្នុងកម្មវីធីប្រកួតប្រចាំសប្ដាហ៍របស់គេ។ លោកដាក់ក្ដីសង្ឃឹមថាខាងទូរទស្សន៍នានា នឹងបើកបេះដូងទូលាយទទួលយកនូវសំណូមពររបស់លោក ដើម្បីផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជា នៅក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ តាមបណ្តាស្ថានីយទូរទស្សន៍នានា ប្រចាំសប្តាហ៍របស់ខ្លួន ដើម្បីមានឱកាសបង្កើនគុណភាពបច្ចេកទេស ឆ្ពោះទៅប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ក៏ដូចជាគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online