បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៥៩ គ.ក្រ នៅរាជធានីភ្នំពេញ

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៥៩ គ.ក្រ នៅរាជធានីភ្នំពេញ។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤:២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកវរសេនីយ៍ឯក មាស ហត នាយករងមន្ទីរ លោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីកែច្នៃ ជួញដូរគ្រឿងញៀន នៅចំណុច ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់បានជនសង្ស័យម្នាក់ឈ្នោះ ង្វៀង វីងទី និងសារធាតុញៀនមួយចំនួនតូច។

លុះដល់ម៉ោង ១៥:៣០ នាទីថ្ងែដដែល កម្លាំងជំនាញ បានធ្វើការឆែកឆេរ និងចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង គឹមហេង នៅចំណុច បន្ទប់ជួលលេខ៧ ផ្លូវលេខ៣០០ ក្រុម១៩ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ ០២នាក់:

១.ឈ្មោះ ង្វៀង វីងទី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ វៀតណាម។

២.ឈ្មោះ ហេង គឹមហេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យកបាន:

-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៣.៥១ក្រាម។

-កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ៥០.៤២ក្រាម។

-អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ១គ.ក្រ ៥១៧.៣២ក្រាម។

-មេកាទីណូន (METHCATHINONE)ទម្ងន់សុទ្ធ ៤៦ គ.ក្រ ៧៧៤ក្រាម។

សរុបរួមទម្ងន់ ៤៨ គ.ក្រ ៣៤៥.២៥ក្រាម និងសារធាតុផ្សំ(មិនច្បាស់) ៦ គ.ក្រ ២១៤.៣៦ ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online