សហព័ន្ធប៉េតង់រៀបចំការប្រកួតជម្រើសជាតិផ្ទៃក្នុង ស្វែងរកជ័យលាភីទៅប្រកួតជើងឯកពិភពលោក នៅអេស្ប៉ាញ

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានរៀបចំ ការប្រកួតកីឡាប៊ូល និង ប៉េតង់ផ្ទៃក្នុងនៃក្រុមជម្រើសជាតិតាមជំនាញ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីលានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសម្រិតសម្រាំងរកកីឡាករ កីឡាការិនីជ័យលាភីទៅចូលរួមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលទទួលបន្ទុកប្រធានគណៈកម្មការរៀបចំការប្រកួតនេះបានលើកឡើងថា នេះជាការប្រកួតផ្ទៃក្នុង ដែលគណៈកម្មការបានខិតខំរៀបចំឡើង ដើម្បីវាស់ស្ទង់បច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិ ត្រៀមឆ្ពោះទៅប្រកួតប្រជែងមេដាយពីការប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ នាខែវិច្ឆិកា ឆាប់ៗនេះ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការខិតខំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ក្នុងវិបត្តិជំងឺកូវីដ-១៩នេះ មានន័យថា យើងកំពុងរៀនរស់នៅក្នុងរបៀបថ្មីនៃបរិបទជំងឺកូវីដ-១៩ និងការហាត់ហ្វឹកហ្វឺននេះ។ មិនត្រឹមតែប៉ុណ្ណោះការហាត់ហ្វឹកហ្វឺននេះមិនត្រឹមតែត្រៀមចូលរួមប្រកួតជើងឯកពិភពលោក ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញលើកនេះប៉ុណ្ណោះទេ ប៉ុន្តែថ្នាក់ដឹកនាំសហព័ន្ធ ក៏ដូចជាកីឡាករ កីឡាការិនីទាំងត្រូវតែបន្តការខិតខំប្តេជ្ញាចិត្តឲ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រកួត កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ ជាពិសេសគឺគោលដៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផ្ទាល់តែម្តង។

ជាមួយគ្នានោះឯកឧត្តម ប៊ូ ជុំសេរី បានក្រើនរំឭកជូនដល់កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ ត្រូវប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីប្រជែងមេដាយយកមកជូនជាតិ នៅក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិសំខាន់ៗខាងមុខជាបន្តបន្ទាប់នេះ ពីព្រោះថា កម្ពុជាគឺជាមហាអំណាចក្នុងវិស័យកីឡាប៉េតង់ពិភពលោក ដោយកម្ពុជាធ្លាប់ឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធជាបន្តបន្ទាប់ ជាពិសេសយុវនារីអាចមើលឃើញពីគំរូរបស់លោកស្រី កែ ឡេង ដែលជាអតីតវីរកីឡាការិនីកម្ពុជាធ្លាប់កសាងបានភាពល្បីល្បាញ់លើពិភពលោក ដោយឈ្នះមេដាយមាសពីជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នាកន្លងទៅនេះ។

ការប្រកួតកីឡាប៊ូល និង ប៉េតង់ផ្ទៃក្នុងនៃក្រុមជម្រើសជាតិតាមជំនាញនេះមានរយៈពេល២ថ្ងៃ (៤-៥វិច្ឆិកា) ដោយមានកីឡាករ កីឡាការិនីជម្រើសជាតិចូលរួម សរុប២៣នាក់ ក្នុងនោះបុរស ១២ នាក់ និងនារី១១។ ចំណែកឯវិញ្ញាសាប្រកួតមានចំនួន៣ គឺវិញ្ញាសា វាយពិន្ទុ បរុស-នារី វិញ្ញាសា ឯកក្តជន បុរស-នារី និងវិញ្ញាសា ចូលប៊ូល បុរស-នារី។

សូមបញ្ជាក់ថា ការប្រកួតជើងឯកពិភពលោកលើកនេះនឹងមានការរៀបចំឡើងចំនួន៣ជើងឯកពិភពលោកចូលគ្នាតែម្តង នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ ដូចជាការប្រកួតជើងឯកពិភពលោក ផ្នែកនារី ចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ជើងឯកពិភពលោក ផ្នែកយុវជន ចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២១ និងជើងឯកពិភពផ្នែកបុរស ចាប់ផ្តើមពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២១៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online