ស្ត្រីម្នាក់ជិះម៉ូតូបុកគូថគោយន្តកន្ត្រៃបាក់ជើងម្ខាង
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈម៉ូតូ១គ្រឿងបានជិះទៅបុកគូថនិងគោយន្តកន្ត្រៃបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ក្នុងទិសដៅស្របគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខផ្ទះគូ្រណាត ស្ថិតនៅក្នុងភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។
យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាក Smash Revo ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AC-5220 បើកបរដោយស្ត្រីម្នាក់ឈ្មោះ ថន វណ្ណា អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី រងរបួសធ្ងន់បាក់ជើងខាងស្តាំ។
របាយការណ៍បានបញ្ជាក់ថា អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ ឈឿន វិច្ចរា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ ដោយគោយន្តកន្ត្រៃពុំមានភ្លើងសញ្ញាដាក់នៅខាងក្រោយ ធ្វើឲ្យអ្នកដំណើរជិះម៉ូតូតាមក្រោយមិនឃើញឡើយ នេះជាកំហុសមួយផ្នែករបស់គោយន្តកន្ត្រៃដែលធ្វើចរាចរណ៍នៅលើដងផ្លូវជាតិមិនបានដាក់សញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវនោះទេ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានកម្លាំងអធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលត្រពាំងច្រេសព្រមទាំងក្រុមគ្រួសារបានដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
បច្ចុប្បន្ន មធ្យោបាយទាំងពីរគ្រឿងត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកូនមុំដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕