ការកំណត់គោលដៅពីរទីតាំងសម្រាប់ជើងឯកថ្នាក់ជាតិកង់គួក-កង់ភ្នំ ឆ្នាំនេះ គឺដើម្បីវាស់ស្ទង់ឆ្ពោះទៅរៀបចំ ស៊ីហ្គេម ឆ្នាំ២០២៣

CAMSOC-ភ្នំពេញ៖ ការកំណត់គោលដៅជាពីរទីតាំង សម្រាប់ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលគ្រោងធ្វើឡើងនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តសៀមរាប គឺជាកំណត់គោលដៅ ក្នុងការវាស់ស្ទង់ការរៀបចំប្រភេទកីឡានេះឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ពីលោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា។

អគ្គលេខាធិការរូបនេះបន្ថែមថា ចំពោះការបែងចែកជាពីរទីតាំង សម្រាប់កង់គួក និងកង់ភ្នំ ក្នុងខេត្តសៀមរាបនេះ គឺការវាស់ស្ទង់នៃគម្រោងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅខេត្តសៀមរាបអំណោយផលខ្លាំងដល់ការប្រកួតស៊ីហ្គេម ២០២៣ ហើយសហព័ន្ធបានកំណត់គោលដៅខេត្តសៀមរាប គឺជាជម្រើសទី១ ក្នុងចំណោមខេត្តសក្តានុពលមួយចំនួនទៀត នៃការប្រកួតកង់គួក-កង់ភ្នំ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។

សម្រាប់ពីរទីតាំងនេះ រួមមាន សម្រាប់ប្រភេទកង់គួក ត្រូវប្រកួតនៅពេលព្រឹក ដោយត្រូវចេញដំណើរ-ដល់ទី នៅម្តុំព្រះអង្គចេកព្រះអង្គចម ដោយជិះចូលទៅតំបន់អង្គរ ខណៈប្រភេទកង់ភ្នំនឹងត្រូវប្រកួត នៅតំបន់ភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយនៅតំបន់នោះ គឺជាកន្លែងហ្វឹកហាត់បិទខ្ទប់របស់ក្រុមកីឡាករ កីឡាការិនិជម្រើសជាតិទោចក្រយាន។ ២ទីតាំងនេះត្រូវបានកំណត់ជាគោលដៅអាទិភាពទី១ សម្រាប់រៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។

«សហព័ន្ធកីឡាទោចក្រយានកម្ពុជាគ្រោងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួន នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសម្រិតសម្រាំងរកកីឡាករ កីឡាការិនីជ័យលាភីប្រចាំឆ្នាំ២០២១ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យ។ បើទោះបីជាសហព័ន្ធកីឡាជាតិត្រេកអរនឹងការបើកដំណើរការលើគ្រប់វិស័យឡើងវិញបែបនេះ ក៏ការប្រកួតជើងឯកថ្នាក់ជាតិ នាចុងខែធ្នូ ខាងមុខនេះនឹងគោរពទៅតាមវិធានការសុខាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួនបំផុត»។ នេះជាការលើកឡើងបន្ថែមរបស់លោក នូ ចំរើន។

លោកគូសបញ្ជាក់ទៀតថា អ្វីដែលសំខាន់ក្នុងបរិបទកូវីដ-១៩នេះ សហព័ន្ធនឹងបន្តការអនុវត្តសម្រាប់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ក៏ដូចជាការប្រកួតនាខែក្រោយនេះ តាមគន្លងថ្មីនៃវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានោះសហព័ន្ធក៏ត្រៀមបើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និងសម្រាប់មន្ត្រីបច្ចេកទេសជាច្រើនវគ្គទៀត។ គោលដៅរួមទាំងនេះ គឺដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ ក៏ដូចជាការសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

សម្រាប់គម្រោងលម្អិតនៃការប្រកួតជើងឯក ក្នុងគន្លងថ្មី ដែលជាការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុតថ្នាក់ជាតិនេះត្រូវបានលោកអគ្គលេខាធិកាដដែលអះអាងថា សហព័ន្ធនឹងតម្រូវឲ្យកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់ត្រូវគោរពវិធានការសុខាភិបាល ដូចជាតម្រូវឲ្យពាក់ម៉ាស រក្សាគម្លាត ហើយត្រូវបង្ហាញកាតចាក់វ៉ាក់សាំងដូសមូលដ្ឋានយ៉ាងតិច២ដង ជូនដល់ក្រុមការងារបច្ចេកទេសរៀបចំ ដើម្បីបង្ការពីជំងឺកូវីដ-១៩នេះ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online