Newblood ឈ្នះជើងឯក Dota 2 តំណាងកម្ពុជាចូលរួមប្រកួតជើងឯកអាស៊ាន

ក្រុមកីឡាអេឡិចត្រូនិក Newblood បានក្លាយជាជើងឯក Dota 2 ថ្នាក់ជាតិដើម្បីតំណាងឲ្យកម្ពុជាចូលរួមប្រកួតជើងឯកកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ SEAEF Dota 2 Championship 2021 របស់សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ២០២១ បន្ទាប់ពីធ្វើការប្រកួតរយៈពេល៣ថ្ងៃ។

ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកវិញ្ញាសា Dota 2 ថ្នាក់ជាតិបានចាប់ផ្តើមដំណើរការប្រកួតតាំងពីថ្ងៃទី៦ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះនៅក្លឹបការប្រកួតរៀបចំនៅក្លឹប CUE Cyber Gamer។ ក្រុមបានចុះឈ្មោះចូលរួមប្រកួតចំនួន១៤ក្រុម។ នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមខ្លាំង Newblood បានផ្តួលក្រុម Yeaksa ក្នុងលទ្ធផលបច្ចេកទេស ៣-០ ដោយមិនឲ្យដៃគូតដៃរួច។

សម្រាប់ជ័យជម្នះ ក្រុម Newblood ទទួលបានប្រាក់រង្វាន់៥០០ដុល្លារអាមេរិក ហើយក្រុមលេខ២ Yeaksa ទទួលបានប្រាក់រង្វាន់៣០០ដុល្លារអាមេរិក។ អ្វីដែលជាគោលដៅសំខាន់សម្រាប់ការប្រកួតនេះគឺក្រុមជើងទទួលបានឱកាសតំណាងឲ្យកម្ពុជាចូលរួមប្រកួតជើងឯកកីឡាអេឡិចត្រូនិកអាស៊ាន SEAEF Dota 2 Championship 2021។

សម្រាប់ព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ាន SEAEF Dota 2 Championship 2021 នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះដែលជាការរៀបចំរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍។

ព្រឹត្តិការណ៍នេះមានក្រុមជម្រើសជាតិចំនួន១០ក្រុមពីបណ្តាអាស៊ានទាំង១០គឺ កម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និងព្រុយណេ។ ការប្រកួតដំណើរការតាមអនឡាញ។ សម្រាប់រង្វាន់សរុបចំនួន៣៥០០០ដុល្លារអាមេរិក។

នេះជាលើកដំបូងហើយសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ានបានរៀបចំការប្រកួតជាផ្លូវការ បន្ទាប់ពីសហព័ន្ធត្រូវបានបង្កើតឡើងដោយមានការទទួលស្គាល់ពីសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online